ព័ត៌មានទាន់ហេតុការណ៍៖

ឧ​ត្ត​ម​សេនីយ៍យោធាម្នាក់ សង្ស័យ​ស្រវឹងបើករថយន្តបុកគ្នា ឈ្លោះគ្នាផ្អើលពេញផ្លូវបង្កការកក់ស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ គ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះរវាងរថយន្តនិងរថយន្ត បានធ្វើឲ្យមានការកក់ស្ទះចរាចរពេញផ្លូវ ព្រោះតែបុរសម្នាក់អាងខ្លួនឯងជាលោកឧ​ត្ត​ម​សេនីយ៍យោធាមិនដឹងថានៅអង្គភាពណានោះទេសង្ស័យស្រវឹងស្រា បានបើករថយន្តមួយគ្រឿងប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត ដោយមិនព្រមដោះស្រាយគ្នា បែរជាឈរឈ្លោះគ្នាផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរ​នេះ បាន​កើតឡើង​កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​មុន្នី​រ៉ែត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស​ម្នាក់វ័យ៦០ឆ្នាំ ដែលអាង​ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍នោះ ទំនងជា​ស្រវឹងបានបើករថយន្ត​មួយគ្រឿងម៉ាកហ៊ីលុច វីហ្គូល ពណ៍ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-0707 បានបុកគ្នា​ជាមួយ​រថយន្តតូយូតា កូរ៉ូឡា ពណ៍ទឹកប្រាក់ ពាក់​ស្លាក​លេខបរទេស 6BCF546 និងជ្រុលទៅប៉ះ​រថយន្ត​មួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៍ទឹកប្រាក់ ​ស្លាក​លេខ ភ្នំពេញ 2AI-4774 ហើយមិនព្រមធ្វើការសម្របសម្រួលជាមួយរថយន្តរងគ្រោះនោះទេ បែរជាថាខ្លួនជាអ្នកត្រូវទៅវិញ ទើបបង្កការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន និងបង្កការកក់ស្ទះចរាចរណ៍​ពេញ​ផ្លូវផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញចុះមកអន្តរាគមន៍ផងដែរ ។

ក្រោយកើតហេតុដោយសមត្ថកិច្ចជួយធ្វើការសម្របសម្រួល ហើយភាគីរថយន្តរងគ្រោះ២គ្រឿងមិនរងការខូចខាតខ្លាំង ក៏ព្រមយករថយន្តទៅជុសជួលរៀងៗខ្លួន ព្រោះមិនចង់មានរឿងវែងឆ្ងាយ ៕ ស តារា


ចែករំលែក៖