ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ៣នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនបន្ទាប់ពីដេញវាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនក្រុមក្មេងស្ទាវ៣នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ខណៈ ជិះម៉ូតូដេញវាយតប់គ្នាទៅលើភាគីជាក្មេងស្ទាវម្ខាងទៀតពេញដងផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ ។ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតផ្សារ “សុវណ្ណា”ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី១ ឈ្មោះ ស៊ុន សំណាង ហៅលុច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ រស់នៅជិតផ្ទះខាងលើ។

ទី២ ឈ្មោះ ចន្ថា ដាលុច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករស៊ុនទ្រី រស់នៅខាងក្រោយវត្តស្ទឹងមានជ័យ ជិតៗគ្នាដូចអ្នកខាងលើ។

ទី៣ ឈ្មោះ គារ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលើកបន្លែ នៅផ្សារស្ទឹងមានជ័យចាស់ រស់នៅផ្ទះគ្មានលេខ ផ្លូវលំចាក់បេតុងខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។

បើតាមស្ដីពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ខណៈនោះស្រាប់តែប្រទះឃើញក្មេងស្ទាវមួយក្រុម មានគ្នា៨នាក់ ជិះម៉ូតូ ប្រដាប់ដោយខ្សែក្រវ៉ាត់ បានដេញវាយគ្នាជាមួយនឹងក្រុមក្មេងស្ទាវម្ខាងទៀតភ្លាមៗនោះក៏ត្រូវកម្លាំងសមត្ថកិច្ចយើងបានដេញតាមពីក្រោយ រហូតឈានទៅដល់ការឃាត់ខ្លួនបានក្មេងស្ទាវចំនួន៣នាក់ ចំណែកបក្ខពួកមួយចំនួនទៀត បានរត់ចោលអស់។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បាននាំខ្លួនក្មេងស្ទាវទាំង៣នាក់ រួមទាំងវត្ថុតាំងមាន ខ្សែរក្រវ៉ាត់ មួកសុវត្ថិភាព និងម៉ូតូម៉ាក ហុងដា Beat ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HB.1712 នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកផងដែរ។

បច្ចុប្បន្នក្មេងស្ទាវទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធី៕ ស រស្មី


ចែករំលែក៖