ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែង ខណៈកំពុងបើកបរម៉ូតូ១គ្រឿងក្នុងល្បឿនលឿនដូចហោះហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុក និងរថយន្តកុងតឺន័រ ដែលកំពុងបើកឆ្លងផ្លូវ ។
គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកតឡើងកាលពីថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទីយប់ នៅចំណុចខាងក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវណតប្រ៊ីត កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តកុងតឺន័រម៉ាក នីសាន់ ពណ៌បៃតង របស់ក្រុមហ៊ុន PREMIUM ពាក់ស្លាកលេខ ភ្នំពេញ 3D-4630 ដែលបើកបរដោយបុរសម្នាក់ ឈ្មោះ ញឹល ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅការ៉ាសឡានម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពុងស្ពឺ ។ ចំណែកអ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណទេជិះម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1D-2766 ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រខាងលើ បើកបរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវហាណូយ ស្របពេលបើកឆ្លងជិតផុតហើយនោះ ក៏ស្រាប់តែមានម៉ូតូរងគ្រោះខាងលើ បានបើកមកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ ចំណែកម៉ូតូវិញ រងការខូចខាត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង ហើយក៏ហៅរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្តកុងតឺន័របាននាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕ តុង សីហា