ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះឡដុតនំភីហ្សាក្នុងភោជនីយដ្ឋានយីហោ អ្វេស ស៊ីស៊ី ផ្អើលទាំងកណ្ដាលថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងឡដុតនំភីហ្សាក្នុងភោជនីយដ្ឋានយីហោ អ្វេស ស៊ីស៊ី គ្មានការប្រុងប្រ័យត្ននិងធ្វេសប្រហែស បណ្ដាលឲ្យជ្រុះកំទេចភ្លើងបង្កការឆាបឆេះឡើង ផ្អើលដល់ប្រជាពលរដ្ឋ និង អាជ្ញាធរ ខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាម ដោយប្រើម៉ូតូរ៉ឺម៉ករបស់សាលាខណ្ឌបាញ់សំអាតផ្លូវចំនួន ៣ គ្រឿង និងរថយន្តការិយាល័យអគ្គិភ័យចំនួន ៣គ្រឿង ដោយបាញ់ទប់ស្កាត់ទាន់ពេលវេលា ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានអ្វេស ស៊ីស៊ី ស្ថិតនៅបណ្តោយ តីរៈវិថីព្រះស៊ីសុវត្ថិ កែង១៧៨ ក្នុង សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍នោះដែលគេឃើញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍ករណីអគ្គិភ័យភ្លាមៗ ដោយប្រើម៉ូតូទឹករបស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៣គ្រឿង និង រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១១និង១៥ នាទីនាថ្ងៃដដែល មូលហេតុនៃការឆេះនេះ គឺបង្កឡើងដោយសារ ឡដុតភីហ្សា និង ឆេះម៉ាស៊ីន បូមផ្សែងក្នុងចង្ក្រានបាយ ។

ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ គ្រាន់តែឲ្យខូចខាតសម្ភារៈក្នុងហាងបន្តិចបន្តួចតែប៉ុណ្ណោះ ៕ ស តារា


ចែករំលែក៖