ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ទូកនេសាទ(ប្រភេទមងអូស)មួយគ្រឿងបានលិច នៅចំងាយប្រហែល៥០០ម៉ែត្រពីខាងជើងកោះដែកគោល មុខកំពង់ផែធំ ខេត្តព្រះសីហនុ រីឯអ្នកនេសាទ៣នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយទូកនេសាទមួយគ្រឿងដែលនៅជិតនោះ តែទូកនេសាទនោះត្រូវលិចទឹកបាត់ទាំងស្រុង។
តាមការៀបរាប់របស់កម្មករទូកបានបំភ្លឺថា៖ ទូកកំពុងតែបើកចេញទៅនេសាទ ស្រាប់តែរលត់ម៉ាស៊ីន ហេីយមានទឹករលកបោកខ្លាំងៗទឹកចូលក្នុងទូកច្រើន បណ្តាលអោយលិចតែម្តង ហើយអ្នកបើកបរនិងកម្មករទូកត្រូវបានសង្រ្គោះដោយទូកយន្តនៅជិតនោះ។
ទូកយន្តដែលលិចនេះជាកម្មសិទ្ឋរបស់ឈ្មោះទិត នៅភូមិទំនប់រលកសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ រីឯជនរងគ្រោះជាកម្មករនេសាទមានគ្នា៣នាក់៖ ១.ឈ្មោះ ខួច ទី ភេទប្រុស អាយុ៣៥ឆ្នាំ (ជាអ្នកបើកបរ) ២.ឈ្មោះ ជេន ព័ន្ធ ជាកម្មករ ៣.ឈ្មោះ ដួង ចៃ ជាកម្មករ ជនរងគ្រោះទាំង៣នាក់ បានត្រលប់ទៅលំនៅដ្ឋានវិញហេីយ ៕ ឆ្លាម សមុទ្រ