ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម បន្ដជួបសំណេះសំណាលជាមួយពលរដ្ឋនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអំពាវនាវឲ្យទៅបោះឆ្នោតគ្រប់ៗគ្នា​

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោក គន់ គីម ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ ​និងជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ឧត្តរមានជ័យ​ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានប​ន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។​

បន្ទាប់​ពី​បាន​នាំនូវការ​ផ្តាំផ្ញើសួរសុខទុក្ខ​ ពីសម្តេចតេជោ​ ហ៊ុន សែន ​និងសម្តេចកត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជូនដល់​​ប្រជាពលរដ្ឋ​ និងបានបង្ហាញមុខសមាសភាព​បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ឧត្តរមានជ័យ​ លោក គន់ គីម បានបញ្ជាក់ថា មានតែគណបក្ស​ប្រជាជន​​កម្ពុជា ​តែមួយគត់​ ដែលនៅជាប់ជាមួយ​ប្រជាជនគ្រប់កាលៈទេសៈ។

បើតាមលោក គន់ គីម គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពដើម្បី​បុព្វហេតុប្រជាជន ដូច​​ឃើញ​ស្រាប់​ហើយ​ក្រោយ​ថ្ងៃ​រំដោះ​​០៧​ មករា​ ឆ្នាំ១៩៧៩​ មកដល់សព្វថ្ងៃ​ ជាពិសេស​ក្រោយពេលដែលទទួលបានសន្តិភាព​​ពេញលេញ​ ក៏ដូចជាទូទាំងប្រទេស ​ដែរក្រុងសំរោង ដែលពីដើមគេតែងចាត់ទុកជាស្រុក ចុងកាត់មាត់ញក និងជាតំបន់សង្គ្រាម​ បានទទួលការអភិវឌ្ឍលើគ្រប់វិស័យ​ រហូតទទួលបាន​ជយលាភីទីក្រុងមានស្នាមញញឹមបី​។ ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បានក៏សាងថ្មីទាំងស្រុង ​ជីវភាពប្រពលរដ្ឋល្អប្រសើរ​ ដែលនេះជាស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយ​គណបក្ស​ប្រជាជន​ ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី​។​

លោក គន់ គីម បន្ថែមថា បើគណបក្ស​ប្រជាជ​នកម្ពុជា​ឈ្នះឆ្នោត​ សម្តេចតេជោ​ ហ៊ុន សែន នឹង​ដាក់ចេញនូវគោលនយោបាយ ​ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែលគ្មានដីសង់លំនៅដ្ឋាន​ លុបចោលការ យកពន្ធលើដីស្រែ លើការលក់ដូរកញ្ច្រែងកញ្ជើល្អ រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត​ បញ្ចុះតម្លៃអគ្គិសនី​ នៅឆ្នាំ​២០១៩ ​និង​២០២០​ និងអនុវត្តកម្មវិធី​ឧបត្ថម្ភ​ស្រីមានផ្ទៃពោះ​ និងកុមារអាយុក្រោម២​ឆ្នាំ​ នៃគ្រួសារក្រីក្រ។​

ក្នុង​នាមជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តឧត្តរមានជ័យ​ របស់គណបក្ស​ប្រជាជន​ លោក​ក៏​បានសម្តែងការអរគុណ​ចំពោះ​​ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​រាល់លើក​ និងសុំអភ័យទោសចំពោះ​ការខ្វះខាត​ និងរាល់កំហុសឆ្គងរបស់មន្រ្តី អាជ្ញាធរ​មូលដ្ឋាន​ក្នុងការបម្រើសេវាជូន​​ប្រជាពលរដ្ឋ​ក្នុងរយៈកាលកន្លងមក​។

ក្នុងឱកាសនោះ​ លោក​ក៏អំពាវនាវឲ្យប្រជា​ពលរដ្ឋ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ​និងបោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ គឺបោះឆ្នោតជូនខ្លួនឯង​ ដើម្បីទទួលបានការអភិវឌ្ឍ​ សុខសន្តិភាព​ ​និងអនាគតកូនចៅយើង​៕


ចែករំលែក៖