ខេត្តឧត្ដរមានជ័យ៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលឧត្តរមានជ័យ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានបន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
បន្ទាប់ពីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ និងបានបង្ហាញមុខសមាសភាពបេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលឧត្តរមានជ័យ លោក គន់ គីម បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
បើតាមលោក គន់ គីម គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពដើម្បីបុព្វហេតុប្រជាជន ដូចឃើញស្រាប់ហើយក្រោយថ្ងៃរំដោះ០៧ មករា ឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃ ជាពិសេសក្រោយពេលដែលទទួលបានសន្តិភាពពេញលេញ ក៏ដូចជាទូទាំងប្រទេស ដែរក្រុងសំរោង ដែលពីដើមគេតែងចាត់ទុកជាស្រុក ចុងកាត់មាត់ញក និងជាតំបន់សង្គ្រាម បានទទួលការអភិវឌ្ឍលើគ្រប់វិស័យ រហូតទទួលបានជយលាភីទីក្រុងមានស្នាមញញឹមបី។ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានក៏សាងថ្មីទាំងស្រុង ជីវភាពប្រពលរដ្ឋល្អប្រសើរ ដែលនេះជាស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក គន់ គីម បន្ថែមថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន នឹងដាក់ចេញនូវគោលនយោបាយ ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែលគ្មានដីសង់លំនៅដ្ឋាន លុបចោលការ យកពន្ធលើដីស្រែ លើការលក់ដូរកញ្ច្រែងកញ្ជើល្អ រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត បញ្ចុះតម្លៃអគ្គិសនី នៅឆ្នាំ២០១៩ និង២០២០ និងអនុវត្តកម្មវិធីឧបត្ថម្ភស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ។
ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ របស់គណបក្សប្រជាជន លោកក៏បានសម្តែងការអរគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនរាល់លើក និងសុំអភ័យទោសចំពោះការខ្វះខាត និងរាល់កំហុសឆ្គងរបស់មន្រ្តី អាជ្ញាធរមូលដ្ឋានក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរយៈកាលកន្លងមក។
ក្នុងឱកាសនោះ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតជូនខ្លួនឯង ដើម្បីទទួលបានការអភិវឌ្ឍ សុខសន្តិភាព និងអនាគតកូនចៅយើង៕