ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តសាំយ៉ុង ឡើងជែង រថយន្តផ្សេងទៀតមិនផុតអកុសល ជ្រុលទៅបុករថយន្ត ហ៊ី យ៉ាន់ដាយ ខណៈកំពុងបើកបរធ្វើឲ្យជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ ដែលជាប់នឹងផ្លូវ គៀនបង្គោលភ្លើង បណ្តាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅស្រុកសូទ្រនិគម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទី ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨
ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមប្រភពពីនគរបាលមូលដ្ឋានស្រុកសូទ្រនិគម បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៦ ដែលបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ 2AN 0338 (ជិះគ្នា២នាក់)បំរ៉ុងឡើងវ៉ារថយន្តផ្សេងទៀត ប៉ុន្តែ វ៉ាមិនផុត ក៏ជ្រុលទៅបុក រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 4811 (ជិះគ្នា២នាក់)បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ខណៈពេលនោះ រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ដែលជាប់នឹងផ្លូវ គៀនបង្គោលភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ ខាងរថយន្តសាំយ៉ុង របួសធ្ងន់២នាក់ ទាំងសងខាង ។
ម្ចាស់រថយន្តសាំ យ៉ុង ឈ្មោះ ញ៉ែម សុខា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់)បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ 2AN 0338 ពីទិសខាងកើតទៅលិច និង អ្នករួមដំណើរ ឈ្មោះ និន សុភាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា(របួសធ្ងន់) ។
ចំណែក ម្ចាស់រថយន្ត ហ៊ី យ៉ាន់ ដាយ ឈ្មោះ សុខ ដារី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិវាលកណ្ដាង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស) )បើកបររថយន្តម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ ៣A.4811 ពីទិសខាងលិចទៅកើត និង អ្នករួមដំណើរ ឈ្មោះ ឡុត ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នាពេលនោះ ត្រូវបានខូចខាតរថយន្តទាំងសងខាង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯ អ្នករងរបួសទាំងសងខាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ចំណែករថយន្តទាំងសងបានស្ទូចយកទៅទុកនៅអធិការស្រុកសូទ្រនិគម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី