ខេត្តរតនគិរី៖ យុវតីសិស្សសាលាម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពចាប់រំលោភសេពសន្ធវ:បានសម្រេចខណៈដែលពីយុវតីសិស្សសាលារងគ្រោះបានចេញពីសាលារៀនដើរទៅផ្ទះម្នាក់ឯងតាមផ្លូវស្ងាត់ ។
ហេតុការណ៍រំលោភសេពសន្ធវៈនេះបានកើតឡើងនៅពីវេលាម៉ោង១១ព្រឹក ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិទុស្តិ៍ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។
លោកវរសេនីយ៍ត្រី ជា សារិតអធិការរងស្រុកកូនមុំ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា យុវតីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានចេញពីសាលារៀនដើរទៅផ្ទះម្នាក់ឯងដល់ពាក់កណ្តាលផ្លូវមានម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាមពណ៌ ក្រហម មានដឹកកញ្ជេ១ ឆ្នាំង១ ពីក្រោយមានភិនភាគរាងធាត់ ខ្មៅខ្ពស់ជិះម៉ូតូទៅហួសហើយ រួចជិះត្រឡប់មកវិញ ក៏ឈប់ម៉ូតូនៅក្បែរខ្លួនហើយទាញដៃចូលក្នុងព្រៃចន្ទីធ្វើសកម្មភាពវាយទៅលើនាងចំនួន១០ដៃ ក៏សន្លប់តែម្តង រួចធ្វើសកម្មភាពរំលោភ ។ ក្រោយពីធ្វើសកម្មភាពរួចមក ជនសង្ស័យបានគេចខ្លួនបាត់តែម្តង ។
លោកវរសេនីយ៍ត្រី ជា សារិត បន្តថា យុវតីរងគ្រោះឈ្មោះ ក.ដ.ក.ញ អាយុ១៣ឆ្នាំ ជនជាតិគ្រឹង ។
លោកបានបញ្ជាក់ទៀតថាយុវតីរងគ្រោះក្រោយពីសន្លប់ហើយបានដឹងខ្លួន ក៏ទៅប្តឹងភូមិឃុំមេប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ និងចង្អុលបង្ហាញពីកន្លែងកើតហេតុនោះ ។
នគរបាលស្រុកកូនមុំបាននាំយុវតីរងគ្រោះទៅធ្វើកោសល្យវិច័យពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតែមកទល់នឹងពេលនេះមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ គឺរង់ចាំមន្ទីរពេទ្យរាយការណ៍ជូនសមត្ថកិច្ចនៃស្រុកកូនមុំតាមក្រោយ ។
សមត្ថកិច្ចជំនាញស្រុកកូនមុំកំពុងតាមស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជីវ័ន្ត