ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់បានរងរបួសបែកក្បាល បាក់ដៃ បាក់ជើង ហូរឈាមសន្លប់ស្ដូកស្ដឹង ដោយសារម៉ូតូ២គ្រឿងជិះបញ្ច្រាសទិសបុកគ្នាពេញទំហឹងថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង១០នាទីព្រឹក លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1G4372បើកបរដោយ ឈ្មោះ ផាន់ សារ៉ុន ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរលក់ផ្លែឈើមានទីលំនៅ ភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសរបួសដៃឆ្វេងនិងក្បាលធ្ងន់។
ចំណែកភាគីម៉ូតូរងគ្រោះម៉ាកអុិចសាំងទ័រ ពណ៌ខៀវគ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយគ្មានពាក់មួកសុវត្ថិភាពបើកបរដោយឈ្មោះ សុខ សូនី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋានប៉ាប៉ាសមានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា រងរបួសធ្ងន់ជើងខាងឆ្វេង។
តាមសាក្សីបានឲ្យដឹងថាម៉ូតូម៉ាកហុងដាជិះដោយស្ត្រីម្នាក់ពីលិចទៅកើត មកដល់ចំណុចកើតហេតុ មិនប្រកាន់ស្ដាំ ទៅប៉ះម៉ូតូអុិចសាំងទ័រ បើកបរដោយបុរសម្នាក់ពីកើតទៅលិចបញ្ច្រាសគ្នាដួលរបួសធ្ងន់ទាំងសងខាង ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ភ្លាមៗ។
បន្ទាប់មកអ្នករងរបួសទាំង២នាក់ត្រូវក្រុមគ្រួសាយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំពោះវត្ថុតាង មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលវាស់វែងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន