ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នានៅចំណុចភ្លើងស្តុបធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សង្ស័យបាក់ប្រអប់ជើង ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបុកគ្នា ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥នាទីព្រឹក នៅចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនខាងលិចមន្ទីរពេទ្យសែនសុខ(IU)ផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM.2007 បើកបរក្នុងទិសដៅពីជើងទៅត្បូង ឆ្លងស្តុបជិតផុតទៅហើយនោះ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក KIA (គ្នា) ពណ៌ស្លាទំ ពាក់ស្លាកលេខ ភ្នំពេញ 2AK.2156 បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនៅម៉ូតូខាងលើបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់សង្ស័យបាក់ប្រអប់ជើងខាងឆ្វេងតែម្តង ។

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចនគរបាលចរាចរចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែដោយសារភាគីខាងរថយន្តសុំចេញថ្លៃព្យាបាលជួនជនរងគ្រោះទាំងអស់នៅមន្ទីរពេទ្យដោយមិនប្តឹងផ្តល់នោះទេ៕ តុង សីហា

 


ចែករំលែក៖