ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាក់ប្រហារគូជម្លោះបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨ យប់ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ជនរងគ្រោះ ឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ មុខរបរកសិករ ។
ជនសង្ស័យឈ្មោះ អុី វាសនា ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ។
លោកអ៊ុង ស៉ីឡាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានឲ្យដឹងថា មុនពេលចាក់ប្រហា ជនរងគ្រោះកំពុងអង្គុយផឹកស្រាថ្នាំជាមួយអ្នកភូមិផងរបងជាមួយ ។ ពេលកំពុងអង្គុយផឹកស្រាប់តែជនសង្ស័យដែលជាមុខសញ្ញាញៀនថ្នាំ និងទើបតែចេញពីពន្ធនាគារជិះម៉ូតូចូលទៅផឹកជាមួយ ។ ផឹកមិនទាន់បានប៉ុន្មានកែវផងស្រាប់តែជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ គ្រានោះអ្នកផឹកជាមួយបានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា ធ្វើឲ្យជនសង្ស័យជិះម៉ូតូចេញបានប្រហែល២០ម៉ែត្រក៍ឈប់ម៉ូតូដើសំដៅទៅរកជនរងគ្រោះហើយដកយកដែកឆាបចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ កន្លះម៉ោងក្រោយកើតហេតុជនរងគ្រោះបានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ចំណែកជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួន។
លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងទើបតែចេញពីពន្ធនាគារពាក់ពន្ធជាមួយថ្នាំ ។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕ សណ្តោស