ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ៧ខ្នងត្រូវបនដួលរលំនិងបុើងដំបូលខូចខាតទាំងស្រុង ខណ៖មានគ្រោះធម្មជាតិដោយសារភ្លៀងធ្លាក់ខ្លាំងៗ លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ ថែមទាំងបំផ្លាញទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង សំណាងមិនមានមនុស្សនិងសត្វរងគ្រោះថ្នាក់ ។
យោងតាមមន្ត្រីសាលាស្រុកស្វាយទាបបានប្រាប់កាសែតនគរវត្តដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងស្រុកមានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនឹងផ្លេកបន្ទោរ និងខ្យល់កន្ត្រាក់ បានបោកបក់មកលើភូមិឃុំខាងលើ បណ្តាលឲ្យផ្ទះប្រមាណ៥ខ្នង ដួលរាបដល់ដី និង២ខ្នង ប៉ើងដំបូលខូចខាតទាំងស្រុង យ៉ាងណា ប៉ុន្តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ ដែលបណ្តាលឲ្យរលំខូចខាតផ្ទះទាំងស្រុង សរុបចំនួន ៥ ខ្នង ដែលស្ថិតនៅភូមិ កំពង់រទេះ ឃុំពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។
នាយកសាខាបានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ។ ហើយលោកនាយកសាខាបានសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះដែលបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតឲ្យមានជីវភាពធូរធា និងផ្ទះសម្បែងរស់នៅបានសមរម្យ ។ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះខ្យល់កន្ត្រាក់បំផ្លាញ បណ្តាលឲ្យខូចខាត បែកបាក់ផ្ទះសម្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ផងដែរ ៕ យឹម សុថាន