ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាលទីតាំងមិនរៀបរយនៅផ្លូវ៦០ម៉ែត្រ ឃាត់ខ្លួនអ្នកញៀនថ្នាំ៤នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ តំបន់មិនរៀបរយដ៏ធំទី២ដែលមានអ្នកញៀនថ្នាំ និងអ្នកលក់ បន្ទាប់ពីនៅតំបន់បឹងឈូកមុខពេទ្យលោកសង្ឃ នោះគឺវាលខ្សាច់​ផ្លូវ៦០ម៉ែត្រ​ ដែលគេឃើញសមត្ថកិច្ចចាប់បង្ក្រាបរាល់ថ្ងៃ នៅតែមានអ្នកលក់រាល់ថ្ងៃ លក់ដូចផ្សារត្រី មានលក់ទាំងយប់ថ្ងៃ មហាជនសាទរលើវិធានការចាប់មិនចេះអស់ របស់សមត្ថកិច្ចខណ្ឌមានជ័យ ។

ជាក់ស្ដែង លោក​ កែវ​ សាវឿន​ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍​ មេភូមិ​ និងប្រជាការពារសង្កាត់​ ចុះត្រួតពិនិត្យរដ្ឋបាលចាប់ប្រមូលអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់​ ដែលវង្វេងបាត់ស្មារតី​ បាត់ម្ចាស់ការទទួលខុសត្រូវបារដើរបង្កការអុកឡុកដល់អ្នកធ្វើដំណើរក្នុងមូលដ្ឋាន​​។

ជនញៀនថ្នាំទាំង៤នាក់នោះ ទី១-​ ឈ្មោះ​ ហ៊ុន​ សំខួច​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ស្នាក់នៅភូមិព្រែកតានូ ។ ២-​ ឈ្មោះ​ ជួរ​ ចិន្តា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ ស្នាក់នៅសង្កាត់ច្បារអំពៅ។ ៣-​ ឈ្មោះ​ ព្រុំ​ ថាវី​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ ស្នាក់នៅក្រុងតាខ្មៅ ។ ៤-​ ឈ្មោះ​ ហេង​ គឹមស្រៀល​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ ស្នាក់នៅភូមិព្រែកតាគង់​ ។

បច្ចុប្បន្ន​ជនទាំង៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបសារធាតុញៀន​ និងអប់រំ​កែប្រែ៕ ភារ៉ា ដង្កោ


ចែករំលែក៖