ភ្នំពេញ៖ ដោយសារសារធាតុញៀន បានធ្វើឲ្យយុវជនម្នាក់ញៀនថ្នាំហួសកម្រិត រត់ទាំងខ្លួនស្រាតននលគោក ដោយដៃទាំង២ក្តោបប្រដាប់ភេទ ប្រឡាក់សុទ្ធតែឈាម រួចស្រែកឲ្យគេជួយថាមានគេធ្វើបាប ដោយបានកាត់ប្រដាប់ភេទរបស់ខ្លួនចោល ហើយត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះបានពាក់កណ្តាលផ្លូវ ស្រាប់តែជននោះសុំចុះពីលើរថយន្តវិញ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែកកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនរូបនេះ មានអាយុប្រហែល១៨ឆ្នាំ មិនដឹងមកពីណានោះទេ បានអង្គុយនៅមុខរូបព្រះមហាក្សត្រ ដោយដៃទាំង២បានក្តោបប្រដាប់ភេទ ប្រឡាក់សុទ្ធតែឈាម រួចស្រែកឲ្យគេជួយ ទាំងខ្លួនស្រាតននលគោក ក៏ត្រូវប្រជាពលរដ្ឋដែលមកកម្សាន្តនៅទីនោះស្មានថា យុវជនរូបនេះ បានកាត់ប្រដាប់ភេទរបស់ខ្លួនឯងផងដែរ ។ ភ្លាមនោះ សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ ចុះមកអន្តរាគមន៍ដោយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅព្យាបាល ខណៈដែលទៅបានពាក់កណ្តាលផ្លូវ ស្រាប់តែយុវជននោះទាមទារចុះមិនព្រមទៅព្យាបាល ហើយលោកគ្រូពេទ្យក៏ពិនិត្យមើលទៅឃើញថា មិនដូចដែលយុវជននេះនិយាយថាមានគេធ្វើបាបបានកាត់ប្រដាប់ភេទរបស់ខ្លួនចោលនោះឡើយ គឺគ្រាន់តែមានស្នាមរយះដៃពីរបីកន្លែង ទើបបណ្តាលឲ្យហូរឈាមបែបនេះ។
ក្រោយកើតហេតុ យុវជនបែកថ្នាំនេះត្រូវបានគ្រូពេទ្យឲ្យចុះតាមបំណង ហើយក៏ទៅអង្គុយលេងនៅមុខព្រះគន្លង និងសមត្ថកិច្ចខណ្ឌដូនពេញ មកលួងលោមឲ្យត្រលប់ទៅផ្ទះវិញ ដោយរូបគេបានសុំលុយសមត្ថកិច្ចចំនួន៥០០រៀល ហើយសមត្ថកិច្ចក៏បានឲ្យ១ពាន់រៀល ទើបយុវជនបែកថ្នាំនោះដើរចេញទៅបាត់តែម្តង ៕ ស តារា