ភ្នំពេញ៖ សង្សារមួយគូ បើកម៉ូតូមួយគ្រឿងឌុបគ្នាដើរលេង ខណះបើកម៉ូតូក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវផ្លោងទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹងបណ្ដាឲ្យនារីជាសង្សារ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាសង្សារបានរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ខាងមុខទីបញ្ជាការកងរាជអវុធហត្ថរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពនារីរងគ្រោះ និងយុវជនរងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-6831 ដោយមានឌុបនារីម្នាក់ជាសង្សារ បានធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុដោយសារផ្លូវកោងផង ក៏បានជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យនារីជាសង្សារផ្លោងទៅបោកនិងបង្គោលផ្លាកប៉ាណូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងប្រុស បានរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរចារបានចុះកន្លែងកើតហេតុយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ ។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យរថយន្តដឹកសពយកមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រកាសស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ