ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ មន្ត្រីនគរបាលចរារណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនលោក ប៊ី ចាន់រ៉ាឌី តារាចម្រៀង ដែលបើករថយន្តព្រូស ក្រោមស្ថានភាពស្រវឹងជោកជាំ ទៅបុករ៉ឺម៉កទាំងកំរោល បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២១ ខែកក្កដា នៅខណ្ឌពោធិ៍សែនជ័យ ទៅតុលាការកំពុងស្ថិតក្រោម ការសាកសួររបស់ លោកព្រះរាជអាជ្ញារង សេង ហៀង។
ជនបង្កហេតុមានឈ្មោះ ប៊ី ចាន់រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរតារាចម្រៀង រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសរងគ្រោះមានឈ្មោះ ប៉េង ចាន់ណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថយន្តរបស់ជនបង្កហេតុ ម៉ាកតូយូតាព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 បុកម៉ូតូរ៉ឺម៉ក របស់ជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 កាលពីវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ។
មន្រ្តីនគរបាលចរាចរណ៍ក្រុង ក៏បានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះដែលជាអ្នកបើកបរ ម៉ូតូរ៉ឺម៉កបានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។ ចំណែកម៉ូតូរ៉ឺម៉ក និង រថយន្ត រងការខូចខាតយ៉ាងដំណំ ។
បច្ចុប្បន្នជនបង្កហេតុ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការកំពុងស្ថិតក្រោមការសាកសួររបស់ លោកព្រះរាជអាជ្ញារង សេង ហៀង ដើម្បីបន្តនីតិវិធីច្បាប់ ៕ ស តារា