ខេត្តបាត់ដំបង៖ ដោយសារឥទ្ធិពលគ្រឿងញៀនធ្វើឲ្យបុរសញៀននិងបែកថ្នាំម្នាក់ រត់ទៅចងកសម្លាប់ខ្លួនលើដើមឈើរហូតហើមស្អុយ ទើបមានគេប្រទះឃើញ បន្ទាប់ពីបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីរសៀល ថ្ងៃ អង្គារ ១២ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នៅចំណុចបឹងឫស្សី ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី គ្រាដែលអ្នកភូមិ ដើររកកាប់អុស ប្រទះឃើញ ហើយរត់ទៅរាយការណ៍ដល់មេភូមិ ។
នគរបាល ស្រុករក្ខគិរី បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៅ សុភា ប្រុសអាយុ៣៩ឆ្នាំ នៅលីវរស់នៅភូមិឃុំខាងលើជាមួយបងប្អូន។ កាត់ ជាមនុស្សញៀនថ្នាំ មិនសូវហូបបាយទឹក និងច្រើនតែនិយាយមិនសូវដឹងខុសត្រូវឡើយ ។
សាក្សីបានឲ្យដឹងថា នៅយប់ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ បុរសនេះស្រែកខ្លាំងៗតែម្នាក់ឯង ចង់តែស្លាប់ ដែលទំនងជាបែកថ្នាំខ្លាំងផងតែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ។ លុះក្រោយ មកក៏បាត់មាត់និងស្ងាត់ឈឹងព្រមទាំងបាត់ពីផ្ទះមិនដឹងទៅណា ទោះបីបងប្អូន សាច់ញាតិ ប្រឹងដើររកគ្រប់ទីកន្លែង ក៏រកមិនឃើញដែរ ។ លុះមកដល់រសៀលថ្ងៃ២៤ ខែ កក្កដា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅក្នុងភូមិនេះបានចេញទៅរកអុសនៅចម្ងាយជាង៥០០ម៉ែត្រពីភូមិ ស្រាប់តែធុំក្លិនស្អុយហើយពេល ក្រឡេកមើលចុងឈើឃើញខ្មោចចង ក ភ័យស្ទើរលស់ព្រលឹង ក៏នាំគ្នារត់ទៅប្តឹងប្រធានភូមិឲ្យបានដឹង ។
បន្ទាប់មកឮដំណឹងនេះដល់គ្រួសារសព ក៍រាយការណ៍ប្រាប់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជាករណីធ្វើអត្តឃាតមែនព្រោះជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ) រួចបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី