ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារលង់ទឹកបឹងក្រោយភូមិ

ចែករំលែក៖

ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ក្មេងស្រី២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងក្មេងស្រីម្នាក់បានជួយសង្គ្រោះទាន់ពេលរួចពីសេចក្តីស្លាប់ ដោយសារតែពួកគេនាំគ្នាទៅលេងទឹកបឹងដែលកំពុងជន់លិចខាងក្រោយភូមិបណ្ដាលឲ្យលង់ ។

ករណីក្មេងស្រីលង់ទឹកស្លាប់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។

យោងតាមប្រភពពីពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីឃើញហេតុការណ៍ក្មេងលង់ទឹកបឹងខាងលើនេះ ភ្លាមនោះពលរដ្ឋបាននាំគ្នាជួយសង្គ្រោះដែល តែជួយបានតែក្មេងស្រីម្នាក់ ចំណែក២នាក់ទៀតលង់លិចបាត់ហើយ ដោយពួកគាត់ជួយមិនទាន់ ។

ដោយឡែកមន្រ្តីនគរបាលស្រុកឆ្លូង បានឲ្យដឹងដែរថា ក្មេងស្រីទាំង៣នាក់ មានអាយុចាប់ពី១០ឆ្នាំ ទៅ១២ឆ្នាំ ។ ពួកគេរស់នៅក្នុងភូមិកើតហេតុខាងលើ ហើយពួកគេទាំង៣នាក់នោះ រស់នៅផ្ទះក្បែរគ្នាក្នុងភូមិ ដោយមុនពេលកើតហេតុពួកគេបាននាំគ្នាចុះងូតលេងទឹកបឹង ដែលជន់លិចខាងក្រោយផ្ទះ ក៏បានជួបហេតុការណ៍នេះតែម្តង ។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖