ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមវាយគូសង្សារយកម៉ូតូមួយគ្រឿងទៅបាត់នៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រុសស្រីមួយក្រុម បានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងពីគូសង្សារមួយគូបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ តាមបណ្តោយផ្លូវហាណូយ ខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ ទិត្យ អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារទំនើបអ៊ីអនពីរ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងសង្សារបានបើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ស៊េរី២០១៤ឡើងស៊េរី២០១៨ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FA-4917 បានជិះចេញមកពីផ្ទះរបស់សង្សារនៅម្តុំកាំកូស៊ីតធី គោលបំណងដឹកសង្សារទៅលេងបន្ទប់ជួលរបស់ខ្លួននៅក្បែរកន្លែងកើតហេតុ ។ ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាង១០ ជិះម៉ូតូ៦ទៅ៧គ្រឿងមិនចាំម៉ាក ជិះមកពីក្រោយ រួចធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយមកលើខ្លួនដោយមានការភិតភ័យពេកក៏ផ្តួលម៉ូតូរត់យករួចខ្លួនតែម្តង ភ្លាមនោះក្រុមជនសង្ស័យឃើញឱកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសុវត្ថិភាព ។

ជនរងគ្រោះបានស្រែកឆោឡោឡើងដែរ តែគ្មានអ្នកណាចេញមកមើលនោះទេ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖