ផលិតផលកសិកម្ម របស់អាមេរិក ពេលនេះកំពុងតែរងផលប៉ះពាល់យ៉ាង ខ្លាំង ក្រោយពេលដែលចិន សម្រេចឈប់ទិញផលិតផលកសិកម្មអាមេរិក ជាការ ឆ្លើយតបនឹង ការដំឡើងពន្ធរបស់អាមេរិក។ នៅពេលនេះកសិករអាមេរិកកំពុងតែរង ផលប៉ះពាល់ដោយសារតែ មិនអាចលក់ ផលិតផលរបស់ខ្លួនបានដូចកាលពីមុន។
នៅពេលនេះដែរ ក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Steven Mnuchin កាលពីថ្ងៃទី២៩ខេកក្កដាបានប្រកាសថា ទីក្រុង វ៉ាស៊ីនតោន ចង់ឲ្យសហគមន៍អឺរ៉ុប បង្កើន ឱកាសបន្ថែមទៀតទិញផលិត ផលកសិកម្ម អាមេរិក ដូចកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងអាមេរិកនឹងអឺរ៉ុប។
មានប្រសាសន៍ទៅកាន់បណ្តាញទូរ ទស្សន៍ Fox News រដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុអាមេរិកបានបញ្ជាក់ថា «យើងបានជួប ពិភាក្សាគ្នាយ៉ាងលម្អិតស្តីពីទំនិញកសិកម្ម ក៏ដូចជា បើកផ្លូវបន្ថែមទៀតដល់វិស័យ កសិកម្មអាមេរិក។
សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលចិន សងសឹកទៅលើការដំឡើងពន្ធរបស់អាមេរិក ដោយចិន ឈប់ទិញផលិតផលកសិកម្ម អាមេរិក។ជាមួយគ្នានេះចិនបានលើកលែងពន្ធដល់ប្រទេសក្នុងតំបន់ក្នុងនោះមានប្រទេសតំបន់អាស៊ាន ឲ្យនាំផលិតផលកសិកម្មទៅកាន់ប្រទេសចិន ។
កន្លងមកប្រធានាធិបតីចិនធ្លាប់បានលើកឡើងថា សង្គ្រាម ពាណិជ្ជកម្មគួរតែត្រូវបានបោះបង់ចោល ដោយគ្មានអ្នកណាម្នាក់ទទួលបានផលប្រយោជន៍ពី សង្គ្រាមទាំងនោះឡើយ។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចអាមេរិក មិនទទួលបានផល ប្រយោជន៍ពីសង្គ្រាមនោះទេ ។
សារព័ត៌មាន Bloomberg បានដក ស្រង់សម្តីលោកស៊ី ជីនពីង មកបញ្ជាក់ថា ប្រទេស ដែលដើរតាមផ្លូវនៃសង្គ្រាមពាណិជ្ជកម្មនៅទីបំផុតបំផ្លាញតែខ្លួនឯងប៉ុណ្ណោះ។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីចិន គឺនៅក្នុងកិច្ចប្រជុំ កំពូលប្រទេសទាំង៥ដែលមានសេដ្ឋកិច្ចរីកចម្រើនថ្មី ក្នុងនោះ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិក ខាងត្បូង ឬហៅថា BRICS ដែលបានធ្វើ ឡើងនៅក្នុងទីក្រុង Johannesburg។
ប្រធានាធិបតីចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់គោលនយោបាយ ពាណិជ្ជកម្ម របស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបង្កឲ្យមានវិវាទនៅទូទាំងពិភពលោក ក្នុងនោះមានទាំងប្រទេសសម្ពន្ធមិត្តអាមេរិកនៅអឺរ៉ុបផងដែរ។
ថ្នាក់ដឹកនាំក្រុមប្រទេស BRICS ដែល មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Poutine ប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតី Brésil លោក Michel Temer ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និងនាយករដ្ឋ មន្ត្រីឥណ្ឌាលោក Narendra Modi បានរួមប្រជុំគ្នានៅក្នុងជំនួបកំពូលលើកទី១០នេះ នៅក្នុងទីក្រុង Johannesburg នៃប្រទេស អាហ្រិ្វកខាងត្បូង។ គោលដៅនៃជំនួប លើកនេះ គឺ ដើម្បីជជែកពិភាក្សាគ្នា អំពី កិច្ចសហការ ដើម្បី កំណើនរួមនិងភាពរុង រឿងសម្បូណ៌បែបមួយ។
ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្រមានថាសង្គ្រាមពាណិជ្ជកម្មនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ លោកស្រី នាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គ្រីស្ទីន ឡាហ្កាដ បានព្រមានជាថ្មី ថាសង្គ្រាមពាណិជ្ជកម្ម បង្កឡើងដោយ សហរដ្ឋអាមេរិកជាមួយសហភាពអឺរ៉ុប ចិននិងរុស្ស៊ី ពេលនេះ នឹងប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល។ ប៉ុន្តែវ៉ាស៊ីនតោន ហាក់គ្មានអើពើនឹងពាក្យព្រមាននោះអ្វីបន្តិចសោះ។
កំណើនសេដ្ឋកិច្ចពិភពលោកនឹងត្រូវធ្លាក់ចុះប្រមាណ០,៥% នៅឆ្នាំ២០២០។ ចំណែកទីផ្សារការងារក៏នឹងត្រូវរងការ បំផ្លាញ និងមានតែអ្នកខាតប៉ុណ្ណោ។ នេះបើតាមប្រសាសន៍របស់លោកស្រីនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុង សន្និសីទកាសែត។ ផលប៉ះពាល់ចំពោះ កំណើនសេដ្ឋកិច្ចពិភពលោក និងចំពោះ បណ្តាប្រទេសកំពុងលូតលាស់ បង្កឡើង ជាសង្គ្រាមពាណិជ្ជកម្ម ទំនងត្រូវមានចែងនៅក្នុងសេចក្តីថ្លែងការបង្ហើយ ក្រោយ ការបិទជំនួបប្រជុំហ្សេ២០ នៅយប់នេះ។
នាឱកាសជំនួបប្រជុំហ្សេ២០នេះដែរ ភាគីបារាំង តាមរយៈប្រសាសន៍របស់រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ បានអំពាវនាវឱ្យ សហរដ្ឋអាមេរិកប្តូរចិត្តត្រលប់មកធ្វើជា ប្រទេសមានហេតុផល និងដោះស្រាយ វិបត្តិសេដ្ឋកិច្ចពិភពលោក តាមច្បាប់អន្តរ ជាតិបែបពហុជាតិ មិនមែនបែបព្រៃ ឡើយ។
ប៉ុន្តែសហរដ្ឋអាមេរិកមិនរង្គើសោះនៅលើកនេះ។ បន្ថែមពីសេចក្តីប្រកាសរបស់លោកដូណាល់ ត្រាំ ចាត់ទុកប៉េកាំង អឺរ៉ុបនិងមូស្គូជាសត្រូវពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ជំហរដ៏តឹង ម៉ឺងរបស់ខ្លួន ថាសហភាពអឺរ៉ុប និងចិន ត្រូវធ្វើសម្បទាន ទើបទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាមានលំនឹង។
សូមបញ្ជាក់ថា ក្រោយពីអនុវត្តទណ្ឌ កម្មដំឡើងពន្ធលើការនាំចូលដែកថែប និង អាលុយមីញ៉ូម មកពីចិន និងអឺរ៉ុប លោក ត្រាំ បានគំរាមយកពន្ធបន្ថែមលើការនាំ ចូលរថយន្តអឺរ៉ុបទៅសហរដ្ឋអាមេរិក ព្រមទាំងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសណាដែលរកស៊ីជាមួយអុីរ៉ង់ និងយកពន្ធនាំចូលលើគ្រប់ផលិតផលរបស់ចិន។
ប្រឈមនឹងភាពមានះរបស់អាមេរិក ប្រធានគណៈកម្មការអឺរ៉ុប លោក ហ្សង់ក្លូត ចាំងគ័រ គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ ដើម្បីពិភាក្សារក ដំណោះស្រាយបន្ធូរសម្ពាធ ប៉ុន្តែអឺរ៉ុបបានតាំងចិត្តរួចជាស្រេចថានឹងមិនព្រមឱ្យ អាមេរិកសម្រេចការពិភពលោកអ្វីតែម្នាក់ឯងទៀតឡើយ។ លោកស្រីនាយករដ្ឋ មន្ត្រីអាល្លឺម៉ង់ ក៏បានព្រលយសម្តី ថាអឺរ៉ុប នឹងចាត់វិធានការតប។ អឺរ៉ុបបដិសេធមិន ចរចាទេ គឺអាមេរិកជាអ្នកត្រូវដកថយ។ នេះជាជំហររបស់បារាំង៕ ម៉ែវ សាធី