ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចិត្តភ្លើង ខឹងប្រពន្ធរត់ចោលដុតផ្ទះខ្លួនឯងឆេះម៉ត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសចិត្តភ្លើងម្នាក់ ដោយសារខឹងប្រពន្ធរត់ចោលលែងរួមរស់នៅជាមួយ ក្តៅក្រហាយខ្លាំងពេក បានយកភ្លើងដុតផ្ទះខ្លួនឯងចោលឆេះម៉ត់ សូម្បីកណ្តុរ កន្លាតនៅក្នុងផ្ទះនេះមិនសល់ផង ។

ករណីនេះបង្កការភ្ញាក់ ផ្អើលឡើងនៅ វេលាម៉ោង ៥និង៤០ នាទីល្ងាច ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិ អូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា បុរសជាប្តីចិត្តភ្លើងដុតផ្ទះខ្លួនឯងឆេះម៉ត់នេះ មានឈ្មោះ តុប លាភ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ។ រីឯប្រពន្ធ ដែលរត់ចោលប្តី មិនទាន់ស្គាល់ឈ្មោះនៅឡើយ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុប៉ុន្មានថ្ងៃមកនេះ គេឮគ្រួសារមួយនេះ បានឈ្លោះ ទាស់ទែងគ្នានូវពាក្យសម្តីខ្លាំងៗ ។ លុះក្រោយមកស្រាប់តែឮថាប្រពន្ធបុរសនេះសុំលែងលះ គ្នា ហើយបានវេចបង្វិចរត់ទៅនៅជាមួយឪពុកម្តាយបាត់ទៅ ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែបុរសនេះផឹកស្រាស្រវឹងមូរម៉ៅ ក្តៅក្រហាយខឹងប្រពន្ធរត់ចោលទៀតនោះក៏បានយកសាំងចាក់ដុតបំផ្លាញផ្ទះខ្លួនឯខូចខាតទាំងស្រុង ដែលផ្ទះ១ខ្នងនេះសង់ពីឈើប្រក់ ស័ង្កសី មានទំហំ៥មX៦ម៉ែត្រទៀត តែពុំរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មាន នរណាម្នាក់រងគ្រោះថ្នាក់ដែរ ។

ក្រោយមានអគ្គិភ័យកើតឡើង នគរបាលស្រុកឧត្តុង្គបានយករថយន្តពន្លត់អគ្គិមួយគ្រឿង ទៅ ជួយធ្វើអន្តរាគមន៍ តែយឺតពេលបន្តិចដោយសារផ្ទះមួយខ្នងនេះត្រូវភ្លើងឆេះម៉ត់ទៅហើយ ។ រីឯបុរសជាម្ចាស់ផ្ទះដែលដុតផ្ទះខ្លួនឯងឆេះម៉ត់នេះក៏បានរត់គេចបាត់ដែរបន្សល់ទុកតែផែះ និងធ្យូងលើដីភូមិខ្លួនប៉ុណ្ណោះ៕ សហការី

 

 


ចែករំលែក៖