ព័ត៌មានទាន់ហេតុការណ៍៖

ខលទូរស័ព្ទច្រើនដងមិនលើក ដល់គាស់ទ្វារមើលស្លាប់បាត់ទុកប្រពន្ធនិងកូននៅកំព្រា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលគេស្គាល់ថាជាជាងជួសជុលរថយន្តត្រូវបានគេរកឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥៩នាទីថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នៅក្នុងបន្ទប់ផ្ទះជួលនេះមានឈ្មោះ ដាញ់បុព្វតា អាយុ៣៨ឆ្នាំ ជាជាងជួសជុលរថយន្ត មានប្រពន្ធឈ្មោះ ម៉ៅ សុវណ្ណារ័ត្ន និង មានកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

ស្រ្តីឈ្មោះ ម៉ៅ សុវណ្ណារ័ត្ន ត្រូវជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួន( ដាញ់ បុព្វតា )មានជំងឺប្រចាំកាយ នឹងបានធ្លាប់ទៅព្យាបាលនៅប្រទេសឥណ្ឌាទៀតផង ប៉ុន្តែអាការៈជំងឺហាក់មិនថមថយសោះ ធ្វើឲ្យសុខភាពកាន់តែទន់ខ្សោយ ។

ស្រ្តីរូបនេះបានឲ្យដឹងទៀតថា គាត់មិនដឹងថា ប្តីរបស់គាត់ស្លាប់តាំងពីពេលណាមកនោះទេ ព្រោះកាលពីម្សិលមិញគាត់អត់នៅផ្ទះនោះ រវល់ទៅភ្នំពេញ ។ លុះព្រឹកឡើងមានអតិថិជនបានយកឡានមកធ្វើការជួសជុល ពេលនោះកូនជាងរបស់គាត់បានខលទូរស័ព្ទទៅបុរសដែលជាមេជាងតែមិនលើក ។ ដោយសារតែមិនលើកទូរស័ព្ទកូនជាងបានតាមទៅដល់បន្ទប់ផ្ទះជួល ពេលទៅដល់ផ្ទះជួលរួចនាំគ្នាគក់ទ្វារហៅខ្លាំងប៉ុណ្ណាក៏មិនបើក ពេលនោះម្ចាស់ផ្ទះជួលអនុញ្ញាតឲ្យគាស់ទ្វារបន្ទប់ដើម្បីមើល ពេលបើកទ្វារបន្ទប់ ឃើញបុរសមេជាងរូបនោះបានស្លាប់បាត់បង់ជីវិតនៅលើពូកគ្រែ ក៍មានការភ្ញាក់ផ្អើលតែម្តង និង បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកធ្វើកោសល្យវិច័យ ។

សមត្ថកិច្ចបានធ្វើកាសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយខ្លួនឯងពិតប្រាកមែន ដែលអាចបណ្តាលមកពីជំងឺរើឡើងវិញហើយពុំមានអ្នកមើលថែ ៕ ចន្ថា


ចែករំលែក៖