ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីហាមក្លែមសម្តី !! បុរសម្នាក់ត្រូវមិត្តរួមវង់កាប់រងរបួសច្រើនកន្លែងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានក្លើម្រាក់ផឹកស៊ីជាមួយគ្នាកាប់ចិញ្ច្រាំឲ្យរងរបួសធ្ងន់ធ្ងរ ក្នុងទំនាស់ពាក្យសម្តី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ អំពើហិង្សានេះកើតឡើងនៅភូមិ-ឃុំរំចេក ស្រុកមេមត់ កាលពីវេលា១និង៣០នាទី ថ្ងៃ អង្គារ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទំនាស់នេះបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម វាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយកកាំបិត កាប់ទៅលើឈ្មោះ ឃុន ខាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះរងរបួសចំលើចិញ្ចើមភ្នែកខាងឆ្វេង១កន្លែង ត្រង់ក្បាល, ស្មា និងប្រអប់ដៃខាងឆ្វេងរយះដាច់សាច់ បណ្តាលអោយរងរបួសធ្ងន់ ហើយ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះកើតចេញពីការផឹកស៊ី លុះអំណាចស្រាចូលក្នុងខ្លួន បែកគំនិតមានកំហឹងដោយពាក្យសម្តី ធ្វើឲ្យជនសង្ស័យស្ទុះទៅយកដាវសាំម៉ារ៉ៃ កាប់ទៅ លើជនរងគ្រោះបណ្តាលឲ្យរងរបួសច្រើនកន្លែងធ្ងន់ធ្ងរ ។ ក្រោយធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងព្រហ្មទណ្ឌស្រុក សហ ការគ្នាចាប់ខ្លួនបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់៕ វណ្ណៈ


ចែករំលែក៖