ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យកិនដុតកម្ទេចទូហ្គេមបាញ់ត្រី បំភ័យដល់ម្ចាស់ទីតាំងអ៊ីនធើណេត២៤ម៉ោងដែលកំពុងរីកដូចផ្សឹតនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បត៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាខណ្ឌមានជ័យបានរៀបពិធីកិនដុតកម្ទេចទូហ្គេមបាញ់ត្រីចំនួន១១ទូរ និងទូបៀចំនួន៨ទូរ ដែលបានចុះរឹបអូសយកចេញពីទីតាំងខុសច្បាប់កាលពីកន្លងទៅ។

ពិធីនេះក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក មា សុភាព និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ព្រមទាំងអស់លោក-លោកស្រីមន្ត្រីក្រោមឱវាទសាលាខណ្ឌ និងលោកចៅសង្កាត់ទាំងអស់ លោកនាយប៉ុសិ្តផងដែរ។

លោក ស៊ុំ រិទី្ធ នាយរងការិយាលទ្ធកម្មបានជំរាបគោរពជូនគណៈអភិបាលខណ្ឌឲ្យដឹងថា ដោយមានការណែនាំបញ្ជាពីលោកអភិបាលខណ្ឌ និងមានការឯកភាពសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះបង្ក្រាបដកហូតទូហ្គេមបាញ់ត្រីជាប្រភេទល្បែងស៊ីសងចំនួន៩លើក ក្នុងនោះមានចំនួន៩ទីតាំង។ លោកបន្តថា សង្កាត់ចាក់អង្រែលើចំនួន៥លើក មាន២ទីតាំងដកហូតទូហ្គេមបាញ់ត្រីបានចំនួន៦គ្រឿង និងទូបៀចំនួន៨គ្រឿង។ សង្កាត់ចាក់អង្រែក្រោមចុះបង្ក្រាបបាន២លើក មាន២ទីតាំង ដូកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន២លើក មាន២ទីតាំង ដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង។

ដោយឡែកលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានក្រើនដល់មន្ត្រីជំនាញទាំងអស់របស់ខណ្ឌធ្វើយ៉ាងណាជួយឃ្លាំមើលកុំឲ្យម្ចាស់ទីតាំងដែលសមត្ថកិច្ចបង្ក្រាបហើយនោះលួចបើកឡើងវិញឲ្យសោះ។ និងខិតខំបន្តរុករកស្រាវជ្រាវធ្វើការចុះបង្ក្រាបនិងដកហូតជាបន្តទៀត កុំឲ្យកើតមានទៀតនៅក្នុងមូលដ្ឋាន។ លោកអភិបាលខណ្ឌដដែលក៏បានជម្រុញឲ្យចៅសង្កាត់និងមេប៉ុសិ៍្តរដ្ឋបាលធ្វើការប្រជុំឲ្យបានទៀងទាត់ដើម្បីវាយតម្លៃអំពីស្ថានភាពបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានប្រគល់ភារកិច្ចនេះឲ្យសង្កាត់និងប៉ុសិ៍្តរដ្ឋបាលនិងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌជាអ្នកទទួលខុសត្រូវក្នុងការងារបង្ក្រាបល្បែងស៊ីសង។

ទោះបីជាយ៉ាងនេះក្តី ចំពោះបញ្ហាទីតាំងអ៊ីនធើណេត២៤ម៉ោងក៏បាននឹងកំពុងបើកដំណើរការឡើងវិញគួរឲ្យកត់សម្គាល់ផងដែរនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ សង្កាត់បឹងទំពន់១ និងទី២។ ក្នុងនោះល្បែងកត់កន្ទុយលេខវៀតណាមក៏បានលួចកត់ជាហូហែរដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ នៅក្បែរស្នាក់ការប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោមជាដើម៕ តាឡឹម


ចែករំលែក៖