ខេត្តព្រះសីហនុ៖ កាលពីម៉ោងជាង៧យប់ ថ្ងៃទី៩ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 148-149 ភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង មានទិសដៅបញ្ច្រាសទិសគ្នា ។
យោងតាមរបាយការណ៍បឋមពីកងរាជអាវុធហត្ថស្នាក់សន្តិសុខ402 ផ្លូវជាតិលេខ4 និងនគរបាលមូលដ្ឋានស្រុកកំពង់សីលា បញ្ជាក់ថា ដំបូងភាគីរថយន្តម៉ាក ហាយឡេនឌរ័ មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកប៉ះអ្នកបើកបរម៉ូតូមានទិសដៅបញ្ច្រាសគ្នា រួចរថយន្តបើករត់ទៅមុខបន្ត ហើយភ្លាមនោះក៏មានរថយន្ត ម៉ាកតូយ៉ូតា មេកុង អុិចហ្រ៊េ្វស ដែលមានទិសដៅស្របគ្នានឹងម៉ូតូ មកដល់បានបុកកិនទៅលើបុរសអ្នកបើកម៉ូតូ ដែលខ្ទាតចេញពីម៉ូតូ ស្លាប់ភ្លាមៗនៅក្រោមរថយន្ត ។
ជនរងគ្រោះភាគីអ្នកបើកបរម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-1868 ដែលស្លាប់នោះ ឈ្មោះ ទិន សុខជា ភេទប្រុស អាយុ 31ឆ្នាំ មានទីលំនៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ភាគីរថយន្តម៉ាកហាយឡេនឌរ័ ពាក់ស្លាកលេខ ភ្នំពេញ 2P-2033 ដែលបើករត់ នគរបាល តាមឃាត់បានទាំងរថយន្ត និងអ្នកបើកបរជាជនជាតិចិន នៅចំណុចឃុំបិតត្រាំងក្នុងស្រុកព្រៃនប់ និងបាននាំយកទៅកាន់នគរបាលចរាចរណ៍ខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត ។
ភាគីរថយន្តម៉ាកតូយ៉ូតា មេគង់អុិចហ្រ៊េ្វស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3073 អ្នកបើកបររត់គេចបាត់ក្រោយពេលកើតហេតុ ។ ចំណែកវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅការិយាល័យផ្លូវគោកខេត្ត ៕ ឆ្លាម សមុទ្រ