ព័ត៌មានទាន់ហេតុការណ៍៖

ឆបោក«យកមាសបួនជី ដូរនឹងរូបចម្លាក់លោហធាតុ»

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១និង០០នាទី នៅចំណុចភោជនីយដ្ឋានថ្នល់អាស៊ាន ស្ថិតក្នុងភូមិ សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីឆបោក (យកមាសបួនជីដូរ នឹងរូបចំលាក់លោហធាតុ) បង្កឡើងដោយជនសង្ស័យចំនួន២ នាក់ ជិះរថយន្តម៉ាកcamry ពណ៌ស្លែ មិនចំណាំស្លាកលេខ ។

ជនសង្ស័យ ឈ្មោះ លី គឹមហេង ភេទប្រុស (មិនស្គាល់ទីលំនៅ) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។

ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ឈ្មោះ បៀន ភី ភេទប្រុស អាយុ ៤៦ ឆ្នាំ និងប្រពន្ធឈ្មោះ រឿន ភី អាយុ៤៤ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្ពានគ្រោង ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យទាំងពីរនាក់បានជិះរថយន្តចូលទៅក្នុងភូមិ ហើយក៏បានជួបជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ និងបានសួររកទិញដី និង ទិញវត្ថុបុរាណ លុះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០ នាទី ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះដោយប្រាប់ថា មានគេចង់លក់ព្រះ និងបានហៅជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមកជួបនៅមុខស្ថានីយប្រេង Sokimex ស្ថិតក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង រួចក៏បបួលគ្នាទៅកន្លែងកើតហេតុខាងលើ ដើម្បីទៅមើលព្រះ ហើយដូរគ្នាតែម្ដង។

សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងស្រាវជ្រាវរកជនក្លែងបន្ដំទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖