ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះកង់ឆ្លងផ្លូវត្រូវរថយន្ដមួយគ្រឿងបើកបោះពួយមកបុកពេញមួយទំហឹងបណ្ដាលឲ្យស្លាប់អាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដTOYOTA HIGHLANDERមួយគ្រឿងបើកដោយល្បឿនលឿនឈប់មិនទាន់ បានបុកបុរសម្នាក់កំពុងជិះកង់បត់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសជាអ្នកជិះកង់ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ប៊ុន ធឿន ហៅឡេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ និងជាប្រជាការពារភូមិស្វាយតានី មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកជិះកង់) ។ ចំណែករថយន្ដម៉ាកTOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2B-8588 បើកបរដោយឈ្មោះ ចំរើន ករុណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរតុបតែងរោងការ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានអ្នករួមដំណើជាមួយចំនួន៥នាក់ផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះកង់តាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿន ឈប់មិនទាន់ចាប់ហ្វ្រាំងមិនជាប់បានបុកជាមួយជនរងគ្រោះជិះកង់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រតិបត្ដិស្រុកស្អាង តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ ។

ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖