ភ្នំពេញ៖ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួនឲ្យបានចំណេញ ម្ចាស់ដេប៉ូបូមខ្សាច់ និងលក់ខ្សាច់មួយកន្លែងមានទីតាំងនៅជាប់របងវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានយកផ្លូវបេតុងរបស់សាលារាជធានីភ្នំពេញស្ថាបនាជូនប្រជាពលរដ្ឋ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួននៅលើផ្លូវពោរពេញទៅដោយដីខ្សាច់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ។
ផ្លូវបេតុង១ខ្សែដែលពោរពេញទៅដោយដីខ្សាច់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មិនកើតនេះ គឺស្ថិតនៅប្របមាត់ទន្លេមេគង្គក្រោម តភ្ជាប់ពីសង្កាត់ព្រែកឯង មកដល់សង្កាត់វាលស្បូវ ។ កន្លងមកប្រជាពលរដ្ឋងាយស្រួលណាស់មិនមានការរំខានពីសំណាក់ឈ្មួញរកស៊ីដឹកខ្សាច់ និងបូមខ្សាច់ឡើយ ។ ចាប់តាំងពីឈ្មួញបង្កើតដេប៉ូលក់ខ្សាច់ បូមខ្សាច់ និងដឹកខ្សាច់ពេលណាមក ផ្លូវបេតុងនៅចំពីមុខដេប៉ូខ្សាច់ធ្វើដំណើរឆ្លងកាត់លែងបានហើយ ពោរពេញទៅដោយដីខ្សាច់ និងភក់ ។
ដូចឃើញក្នុងរូបភាពនេះកំណាត់ផ្លូវបេតុងនៅចំពីមុខដេប៉ូលក់ខ្សាច់មានប្រវែងជាង៥០ម៉ែត្រគ្រប់ដណ្តប់ទៅដោយភក់ ខ្សាច់ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំណែកនៅចិញ្ចើមផ្លូវជាតិលេខ១ចំពីមុខច្រកចេញចូលដេប៉ូលក់ខ្សាច់បានក្លាយទៅជាជង្ហុក២_៣កន្លែង បើអ្នកជិះម៉ូតូមិនប្រយ័ត្នប្រាកដជាជួបគ្រោះ ។ ពេលខ្លះទៀតរថយន្តដឹកខ្សាច់ធន់ធំឈប់ចតពេញនៅលើផ្លូវបេតុងក៏មានដែរ តែម្នាក់ៗបានត្រឹមតែបញ្ចេញទស្សនៈរិះគន់ក្នុងភូមិ និងនៅតាមតុកាហ្វេប៉ុណ្ណោះ ដោយឡែកចំណាត់ទៅលើម្ចាស់ដេប៉ូលក់ខ្សាច់យ៉ាងណានោះគ្មានសោះឡើយ ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំឲ្យអាជ្ញាធរខណ្ឌ និងរាជធានីភ្នំពេញជួយរំដោះយកកំណាត់ផ្លូវបេតុងនៅមុខដេប៉ូលក់ខ្សាច់ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមផង ៕ សណ្តោស