ព័ត៌មានទាន់ហេតុការណ៍៖

ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃហ៊ាន ដើមគ្រញូងមួយដើមក្នុងតំបន់អង្គរត្រូវគេកាប់បំផ្លាញ? តើមន្ត្រីអាជ្ញាធរអប្សរាទៅណាអស់

ចែករំលែក៖

ខេត្តសៀមរាម៖ ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ ។ ដោយមហាជនចោទសួរថា បាត់មន្ត្រីអាជ្ញាធរអប្សារាទៅណាអស់ ទើបបណ្តោយឲ្យមានរឿងនេះកើតឡើង​ ហើយបានត្រឹមតែប្រមូលយកសាកសពដើមឈើគ្រញូងទៅរក្សាទុកតែប៉ុណ្ណោះ ។

ជាការឆ្លើយតប អាជ្ញាធរអប្សារាបានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋានអំពីការកាប់ឈើគ្រញូងក្នុងរមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្លួនជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប បានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព នៅស្នាក់ការតំបន់ការពារឧទ្យានអង្គរ កាលពីថ្ងៃទី១០ ខែសីហា ។

សូមរំលឹកថា​ កូនឈើគ្រញូងមួយដើម នេះត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប​ ហើយត្រូវបានប្រជាពលរដ្ឋជូនដំណឹងភ្លាមៗ ទៅអាជ្ញាធរដើម្បីអន្តរាគមន៍ និងទប់ស្កាត់មិនឲ្យមានការដឹកជញ្ជូនចេញ ។

បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឲ្យដឹងថា គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមុខកាត់ជិត៤តឹក​ ។

ហេតុការណ៍ ដែលជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ​នេះ​ ត្រូវបានពលរដ្ឋបង្ហើបថា ជាស្នាដៃរបស់ក្រុមអ្នករកស៊ីគ្រញូង​ ហើយអាជ្ញាធរពាក់ព័ន្ធមិនទាន់បានវែកមុខឃើញក្រុមបង្កឡើយ បានត្រឹមតែប្រមូលសាកសពដើមគ្រញូង ដែលត្រូវបានកាប់បំផ្លាញយកទៅរក្សាទុកតែប៉ុណ្ណោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖