ព័ត៌មានទាន់ហេតុការណ៍៖

ចូលបោសសម្អាតបន្ទប់ថៅកែ ឃើញខ្សែដៃ និងចិញ្ចៀនលួចយកទៅលក់ ត្រូវម្ចាស់ដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ចូលបោសសម្អាតផ្ទះថៅកែរបស់ខ្លួនឃើញខ្សែដៃ និងចិញ្ចៀនរបស់ថៅកែទុកនៅក្នុងទូរ បានបែកគំនិតលួចយកទៅលក់ តែចុងក្រោយត្រូវថៅកែរបស់ខ្លួនដឹង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ក្មេងស្រីសង្ស័យចាប់ខ្លួនឈ្មោះ អ៊ីម រ៉ាវី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកូនឈ្មួលជនរងគ្រោះ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះជិន ចាន់ធី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទ្រព្យសម្បត្ដិបាត់បង់មាន៖ ខ្សែដៃប្លាទីនដាំពេជ្រចំនួន០១ខ្សែ និងចិញ្ជៀនប្លាទីនដាំពេជ្រចំនួន១វង់ ។

ប្រភពដដែលបន្ដថា កន្លងមកក្មេងស្រីសង្ស័យ និងប្ដីបានមកធ្វើកម្មករក្នុងសិប្បកម្មផលិតឥដ្ឋឲ្យជនរងគ្រោះរយះពេលមួយឆ្នាំមកហើយ ។ ក្រោយមកដោយជនរងគ្រោះមានការអាណិត និងទុកចិត្ដក៏ឲ្យក្មេងស្រីសង្ស័យបម្រើការងារក្នុងផ្ទះវិញ ។ រហូតមកដល់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទី ជនរងគ្រោះ ក៏បានទៅផ្សារទិញម្ហូប ដោយបើកទ្វារទុកឲ្យជនសង្ស័យបោសសម្អាត និងជូតផ្ទះ រហូតដល់វេលាម៉ោង៨ និង៣០នាទី ជនរងគ្រោះ ក៏បានមកផ្ទះវិញ ហើយបានឃើញទ្វារបន្ទប់ប្លែក ក៏ដើរចូលទៅក្នុងបន្ទប់ រួចបើកទូរកញ្ចក់មើលស្រាប់តែឃើញបាត់ខ្សែដៃពេជ្រ០១ខ្សែ ភ្លាមនោះជនរងគ្រោះចេញមក រួចសួរជនសង្ស័យ តែជនសង្ស័យប្រកែកថា ខ្លួនមិនបានយកទេ ។ លុះមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានព្យាយាមសួរដេញដោលជនសង្ស័យម្ដងទៀត រហូតជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានលួចខ្សែដៃជនរងគ្រោះបា្រកដមែន ក្រោយពីជនសង្ស័ភយសារភាពរួច ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឫស្សីជ្រោយដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែដៃប្រាកដមែន ហើយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានយកខ្សែដៃរបស់ជនរងគ្រោះទៅលក់ឲ្យអ្នកលក់មាសនៅផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតម្លៃ៥៨០,០០០រៀល រួច ក៏យកលុយនោះទៅឲ្យម្ដាយ ហើយជនសង្ស័យ ក៏មកផ្ទះជនរងគ្រោះតាមធម្មតា ៕ ស្អាងជ័យ


ចែករំលែក៖