ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេលប្រមាណជា២សប្តាហ៍នេះ សកម្មភាពកាប់បំផ្លាញព្រៃឈើបានកក្រើកឡើងវិញ នៅតំបន់ភ្នំ១៥០០ ដោយការអារផ្តួលរំលំប្រភេទឈើធំៗ ដែលមានមុខកាត់១,៥ម៉ែត្រ-២ម៉ែត្រ និងមានឈើខ្លះទៀត មុខកាត់៣ម៉ែត្រ ឬលើសពីនេះ សឹងតែពុំជឿថាឈើទាំងនោះ ត្រូវបានបំផ្លាញដោយពួកឈ្មួញទុច្ចរិត ។ ប្រជាពលរដ្ឋបានរាយការណ៍មកថា ពួកគាត់បានឃើញពីសកម្មភាពមនុស្សជាច្រើននាក់ចូលទៅអាររំលំឈើនៅភ្នំ១៥០០ តាមផ្លូវ៨០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានទាំងអាប៊ូលសម្រាប់ឈូសឆាយធ្វើផ្លូវ គ្រឿងចាក់អាអ៊ិច សម្រាប់អូសកាយឈើតាមជ្រោះជ្រលងភ្នំ ក្នុងនោះឈើដែលពួកឈ្មួញបានអារផ្តួលរំលំ មានដូចជាឈើ ខ្វាវ, ឈើកន្ទុយដំរី, ឈើវល្លិ៍យ៉, ឈើស្នោព្រៃ និងឈើគគីរ ។ ពួកគាត់បានសម្តែងនូវការសោកស្តាយឈើធំៗ ដែលគេមិនអភិរក្សថែរក្សា បែរជាបណ្តែតបណ្តោយឲ្យមានការចូលកាប់បំផ្លាញកក្រើកឡើងសារជាថ្មី ។ ដូច្នេះ ពួកគាត់ចង់ឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្ត មានវិធានការទប់ស្កាត់ដើម្បីការពារព្រៃឈើ ជាធនធានធម្មជាតិដ៏មានតម្លៃនៅតំបន់ផ្លូវ១៥០០នេះ ។
បើទោះជាមានព័ត៌មានបែបនេះពីប្រជាពលរដ្ឋនៅមូលដ្ឋាននោះក៏ដោយ ប៉ុន្តែលោកតាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានបដិសេធន៍ថា គ្មានបទល្មើសទាំងនេះ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកបានប្រាប់អង្គភាពនគរវត្តយ៉ាងដូច្នេះថា ខ្ញុំតែងតែឲ្យមន្ត្រីជំនាញចុះទៅល្បាតនៅតំបន់នោះញឹកញាប់ ពុំបានជួបប្រទះបទល្មើសទាំងនេះទេ ហើយក៏គ្មានឈើមុខកាត់៣ម៉ែត្រ ឬ៤ម៉ែត្រត្រូវបានកាត់បំផ្លាញ ដោយសារឈើមុខកាត់ធំៗនេះវាអស់យូរហើយ ។ លោកបន្តថា ដូច្នេះ កុំជឿករណីរាយការណ៍បែបនេះ បើឈើតូចៗអាចមាន ប៉ុន្តែលោកក៏អរគុណផងដែរចំពោះកិច្ចសហការរបស់ប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ហើយលោកក៏មានវិធានការដើម្បីល្បាតនៅតំបន់នោះ ។
លោកតាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា ជាទូទៅតំបន់នោះ ពិបាកក្នុងការធ្វើដំណើរ ហើយមិនអាចទៅដល់តំបន់ជ្រលងភ្នំជ្រោះនោះបានទេ ។
បើទោះជាប្រធានមន្ទីរបរិស្ថានខេត្តលើកឡើងបែបនេះក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា ក្រុមឈ្មួញបានប្រើគ្រឿងចក្រប្រភេទអាប៊ូល និងគ្រឿងចក្រ អាអ៊ិច សម្រាប់ឈូសផ្លូវ និងកាយទាញយកឈើដែលបានអារផ្តួល ព្រមទាំងមានម៉ាស៊ីនអារឈើនៅទីនោះថែមទៀតផង ដើម្បីជាមធ្យោបាយឲ្យរថយន្តបាកុង រ៉ែវ ចូលទៅដឹកឈើយកមកលាក់ទុកនៅតាមភូមិអ្នកស្រុកនៅម្តុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ទៀតផង ។
ក្រៅពីសកម្មភាពកាប់ឈើនៅភ្នំ១៥០០ តាមផ្លូវ៨០ គេក៏បានឃើញផងដែរអំពីសកម្មភាពរបស់ឈ្មួញឲ្យប្រជាពលរដ្ឋចូលទៅអារឈើនៅតំបន់នោះ ដែលគេហៅថាឈើក្រហម មានដូចជាកកោះ សុក្រំ និងសសេក យ៉ាងប្រសេកប្រសាចក្នុងព្រៃដឹកចេញមកវិញតាមគោយន្ត កាឡេថង ហើយមានឈ្មួញចាំទទួលទិញ រួចដាក់ឡានយីឌុបដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត សឹងរាល់ថ្ងៃ ។ អ្នកភូមិនៅតំបន់អន្លង់រាប ផ្លុវចូលក្រុមហ៊ុនទ្រីភាពបានបញ្ជាក់ផងដែរ ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋនិងក្រុមឈ្មួញខ្លះបានដឹកជញ្ជូនឈើប្រភេទធ្នង់ សុក្រំ និងសសេក ចូលទៅក្នុងក្រុមហ៊ុនអតីតក្រុមហ៊ុនឧកញ៉ាទ្រីភាពនៅអន្លង់រាប ហើយក៏មានរថយន្តយីឌុបចូលទៅលើកដឹកចេញ មួយថ្ងៃយ៉ាងតិចមួយរថយន្តយីឌុប ប៉ុន្តែក្នុងករណីខ្លះភ្លៀងជោគជាំ អាចពិបាកក្នុងការដឹកជញ្ជូនឈើចេញពីព្រៃគឺពីរទៅបីថ្ងៃ ទើបមានឈើដឹកចេញមួយឡានយីឌុបពីក្រុមហ៊ុនខាងលើនេះ ។ ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយទូរស័ព្ទចូល លោកគ្រាន់តែបញ្ជាក់ថា មិនអាចនិយាយគ្នាបានទេ កំពុងជាប់រវល់ប្រជុំ រួចក៏បិទទូរស័ព្ទ ។ ដោយឡែកលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏មិនអាចទំនាក់ទំនងបានដោយគ្មានលេខទូរស័ព្ទ ពាក់ព័ន្ធនឹងករណីមួយចំនួនត្រូវបានគេរាយការណ៍មកថា ឈើដែលដឹកចេញដោយឡានយីឌុបនៅក្រុមហ៊ុនឧកញ៉ាទ្រីភាព ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង គឺជាឈើដែលកាប់បំផ្លាញនៅតាមតំបន់អភិរក្សការពារ ហើយយកមកចូលក្រុមហ៊ុននេះ ទើបគេរត់ប៉េសេដើម្បីដឹកជញ្ជូនចេញតាមរយៈក្រុមឈ្មួញប្រមូលឈើនៅទីនោះត្រូវរ៉ូវគ្នាជាមួយរដ្ឋបាលព្រៃឈើ ក៏ដូចជាខាងមន្ទីរកសិកម្មខេត្ត ។
ប្រជាពលរដ្ឋមានរំពឹងខ្ពស់ទៅលើអាជ្ញាធរខេត្តថា នឹងមានវិធានការបង្ក្រាបឬទប់ស្កាត់ កន្លងមកពួកគាត់ក៏គាំទ្រផងដែរចំពោះចំណាត់ការប្រកបដោយភាពយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខណៈលោកអភិបាលបានឲ្យលេខទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋ ដើម្បីទូរស័ព្ទរាយការណ៍ជូនគាត់ ប្រសិនបើមានសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ចាប់ឈើរបស់គាត់ ឬកាក់ទារលុយ គ្រាន់តែជាឈើបន្តិចបន្តួច ដឹកយកមកធ្វើផ្ទះសម្បែង ។ ប៉ុន្តែករណីខ្លះ ពួកគាត់ជាប្រជាពលរដ្ឋគិតថា បើសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ស្រុកនៅតំបន់នោះ គ្រាន់តែចូលកាប់ ឬអារយកឈើមកធ្វើផ្ទះ ចង់កាប់១០០ឆ្នាំទៀត ក៏មិនអស់ឈើនៅតំបន់នោះផង ។ ប៉ុន្តែអ្វីដែលមិនមែនជាការពិត ត្រង់ក្រុមឈ្មួញបានកេណ្ឌប្រជាពលរដ្ឋ មកពីស្រុកឆ្ងាយ និងនៅតំបន់ទីនោះខ្លះ ចូលទៅកាន់ព្រៃ អារដឹកជញ្ជូនយកមកលក់ឲ្យពួកគេ ដែលជាសកម្មភាពបទល្មើសព្រៃឈើ ងាយនឹងមហន្តរាយ ប្រសិនបើអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនមានវិធានការស្វែងរកមុខនរណាជាអ្នកប្រមូលទិញ ហើយមានមធ្យោបាយដឹកជញ្ជូនឈើទាំងនោះទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសនោះ? ។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា កំពុងមានភារកិច្ចជាប់ប្រជុំជាមួយប្រជាពលរដ្ឋ ហើយលោកនឹងផ្តល់ឱកាសឲ្យបុគ្គលិក សារព័ត៌មានមកជួបគាត់ដោយផ្ទាល់នៅការិយាល័យដើម្បីពិភាក្សាគ្នា ឬចង់សួរនាំអំពីអ្វី ។
មួយរយៈនេះ សកម្មភាពបំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់កើតមានគ្រប់រូបភាព ទាំងសកម្មភាពអារឈើថ្មីៗ ដែលមានមុខកាត់១៥សង្ទីម៉ែត្រទៅ២៥សង្ទីម៉ែត្រ ត្រូវបានគេអារកាត់ជាកង់ៗ ចាត់ទុកជាការដឹកជញ្ជូនអុស ដែលប្រើរថយន្តយីឌុបម្តងៗ ដឹកគគ្រឹកគគ្រេង និងមានទីតាំងសម្រាប់លើកឈើអុសទាំងនោះយ៉ាងអនាធិបតេយ្យ ហើយក្បែរៗច្រមុះភ្នែករបស់សមត្ថកិច្ចជំនាញតែម្តង ប៉ុន្តែករណីបង្ក្រាប យូរៗឃើញម្តង បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងសកម្មភាពនេះញឹកញាប់បន្តិច ។ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថក៏បានបង្ក្រាបរថយន្តដឹកឈើប្រភេទយីឌុបរបស់ឈ្មួញឈ្មោះ ធារ៉ា ប្រគល់ឲ្យជំនាញផងដែរ ប៉ុន្តែអាជ្ញាធរខ្លះបានបង្ហើបថា អ្នកប្រមូលទិញឈើប្រភេទជាឈើអុស ហើយជាឈើកាប់ថ្មីៗនេះ មានឈ្មួញចំនួន២រូប គឺចែ អូន និងឈ្មោះ ធារ៉ា គឺជាមេឈ្មួញដ៏ធំប្រចាំខេត្តមួយនេះ ។ ដូច្នេះ ប្រសិនបើអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនិងឈើថ្មីៗយកមកធ្វើជាអុស គឺបង្ក្រាបតែឈ្មួញពីររូបនេះ ដែលជាអ្នកប្រមូលទិញ ប្រាកដជាគ្មានប្រជាពលរដ្ឋចូលទៅកាប់ឈើទៀតឡើយ ព្រោះគ្មានអ្នកទទួលទិញ តែបើទុកឲ្យចែ អូន និងឈ្មោះ ធារ៉ា នៅតែចាំប្រមូលទិញ ករណីបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ។ ក្នុងនោះ សូម្បីតែនៅក្នុងក្រុមហ៊ុនឧកញ៉ាទ្រីភាព ស្ថិតនៅចំណុចអន្លង់រាប ស្រុកវាលវែង ក៏បានប្រមូលទិញឈើពីប្រជាពលរដ្ឋដាក់ចូលក្រុមហ៊ុន ហើយដឹកចេញមកវិញ សុទ្ធតែឡានយីឌុប ក្នុងនោះមានជាឈើធ្នង់ ឈើសុក្រំ ឈើសសេក គ្រាន់តែគេប្រើរូបភាពដឹកចេញមានប៉េសេ ប៉ុន្តែក្រុមហ៊ុននេះគ្មានព្រៃសម្បទានអ្វីទៀតទេ ប៉ុន្តែពួកគេនៅប្រើឈ្មោះក្រុមហ៊ុនខាងលើនេះដើម្បីប្រមូលទិញឈើពីខាងក្រៅចូល ហើយដឹកចេញយ៉ាងអនាធិបតេយ្យ ក្នុងនោះមានទាំងមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើជាអ្នកចេញច្បាប់ឲ្យថែមទៀត ដែលដឹងថា ក្រុមហ៊ុននេះគ្មានព្រៃឈើ ហើយកំពុងប្រមូលឈើពីខាងក្រៅដឹកចូលនោះ?
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តគួរពិនិត្យក្នុងករណីនៃចរិកបទល្មើសព្រៃឈើក្នុងខេត្តពោធិ៍សាត់នេះផង ព្រោះសកម្មភាពបែបនេះ គេបានធ្វើដើម្បីទាញយកប្រយោជន៍ជោគជ័យរហូតដល់បច្ចុប្បន្ន ។ ជួនកាលបង្ក្រាបនៅពេលព្រឹក ពួកគេក៏ថ្លើមធំផងដែរ ហ៊ានដឹកជញ្ជូននៅពេលថ្ងៃ ឬពេលយប់ ដោយសារអំពើពុករលួយនៃបទល្មើសព្រៃឈើនេះបានកើតជាលក្ខណៈប្រព័ន្ធម្នាក់ៗប្រឹងហែកប្រយោជន៍ចែកគ្នា ទាំងវិធានការរបស់រដ្ឋាភិបាលកំពុងរឹតបន្តឹង ៕ សុខ ខេមរា