ខេត្តកណ្ដាលៈ យុវជនជាសន្ដិសុខរោងចក្រម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួន ខណៈដែលយុវជនសង្ស័យធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចំបក់ភ្ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ម៉ៅ ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៥កញ្ចប់តូច ស្មើនឹងទម្ងន់០,២៧ក្រាម និងទូរសព្ទ័ដៃចំនួន១គ្រឿង ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានភូមិចំបក់ភ្ភ្លោះ ឃុំភ្នំបាត ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៤ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលភ្នំបាត ចុះដល់កន្លែងកើតហេតុ បានប្រទះឃើញជនសង្ស័យខាងលើ រួចធ្វើការឃាត់ខ្លួន និងឆែកឆេររហូតបានរកឃើញវត្ថុតាងថ្នាំញៀនចំនួន៥កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញមកពីរាជធានីភ្នំពេញ ដើម្បីយកមកច្រកជាកញ្ចប់តូចៗ សម្រាប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ២ម៉ឺនរៀល ៕ ស្អាងជ័យ