ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំសំរោង ស្រុកភ្នំ ក្រវាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៥៥ក្នុងមូលដ្ឋានពួកគាត់ពុំមានការថយចុះនោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូល លុយដាក់ហោប៉ៅ ។
លោក ងី វីរៈ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកភ្នំក្រវាញប្រមូលលុយពីក្រុមឈ្មួញ និងក្រុមជនល្មើសដឹកជញ្ជូនឈើខុស ច្បាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាង គឃ្លើន។ ថ្មីៗនេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកភ្នំក្រវាញបាន ចាត់វិធានការបង្ក្រាបគោយន្តដឹកជញ្ជូនឈើខុសច្បាប់១៣គ្រឿង ក្នុងខណៈដែលគោយន្តទាំងនោះដឹកជញ្ជូន ឈើឆ្លងកាត់ ផ្លូវជាតិលេខ៥៥ ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ។
ក្រោយពេលបង្ក្រាបរួចសមត្ថកិច្ចអាវុធហត្ថបានប្រគល់គោយន្ត និងឈើជាវត្ថុតាងទៅឲ្យមន្ត្រីរដ្ឋ បាលព្រៃឈើក្នុងស្រុកភ្នំក្រវាញ ជាអ្នកចាត់ការតាមនីតិវិធីបើទោះបីជាមានសេចក្ដីព្រួយបារម្ភថាមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងវិញយ៉ាងណាក៏ដោយ។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថាករណីមន្ត្រីរដ្ឋបាលព្រៃឈើដលែងរថយន្តឬគោយន្តដឹកជញ្ជូនឈើខុសច្បាប់ជារឿងដដែលៗ ហើយការបង្ក្រាបរបស់ កម្លាំងអាវុធហត្ថក៏ជារឿងដដែលៗ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថតែងបង្ក្រាបរថយន្តនិងគោយន្តដឹកជញ្ជូនឈើខុសច្បាប់ច្រើនគ្រឿងប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកចាត់ការតាមនីតិវិធី។ ក៏ប៉ុន្តែក្រោយពេលទទួលបានគោយន្ត រថយន្ត និងឈើជាវត្ថុតាងដល់ដៃរបស់ខ្លួន គឺ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកភ្នំក្រវាញ ដែលមានការឃុបឃិតបើកដៃពីសំណាក់ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ តែងតែដោះលែងរថយន្ត គោយន្ត និងឈើជាវត្ថុតាងស្ងាត់ៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយគ្មានខ្លាចក្រែង អ្វីទាំងអស់។
មន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានលើកឡើងថា លោក ងី វីរៈ មេរដ្ឋបាល ព្រៃឈើខេត្តពោធិ៍សាត់ និងបក្ខពួកបានចាត់ ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ ពួកគេ ដូច្នេះហើយទើបពួកគេបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំងថែមទៀត៕ សេនាស័ក្តិ