ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជនចុះឆែកឆេរ និងឃាត់ខ្លួន៧នាក់ក្នុង​ហាង​ម៉ាស្សា​កោស​ជប់ធ្វើសរសៃ មាន​លួចបង្កប់​សេវា​ផ្លូវ​ភេទ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ច​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជនចុះឆែកឆេរ និងឃាត់ខ្លួន៧នាក់ក្នុង​ហាង​ម៉ាស្សា​កោស​ជប់ធ្វើសរសៃ ​មាន​លួចលាត់បង្កប់​សេវា​ផ្លូវ​ភេទ​​មួយ​កន្លែង និង​វត្ថុ​តាង​មួយ​ចំនួន​ ។ កាលពីវេលា​ម៉ោង​១០និង២០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅចំណុច​ផ្ទះ​លេខ​៣៦០EoE​ តាមបណ្ដោយ​ផ្លូវ​២០១១​ ភូមិ​ដីថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។

ប្រតិបត្តិការណ៍​ចុះ​បង្ក្រាប​ហាងម៉ាស្សា​កោស​ជប់​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវ​ភេទ​ខាងលើនេះ ដឹក​នាំ​ផ្ទាល់ពីលោក​ឧត្ដមសេនីយ៍​ទោ​ សំបូរ​ មាណ្ណារិទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ ​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ សុជឿន​ អនុប្រធាន​នាយកដ្ឋាន​ និង​លោក​ កុល​ ប៊ុន​ ព្រះរាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ​

ក្រោយពីសមត្ថកិច្ចឆែកឆេររួចឃើញថា ទីតាំងខាងលើនេះ មានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទពិតប្រាដកហើយកម្លាំងសមត្ថកិច្ចបាន​​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៧នាក់​ ក្នុង​នោះ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​ដែល​ជាថៅ​កែ​ហាងម៉ាស្សា​ខាងលើ​ផងដេរ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ​ ម៉ុន​ ចំរើន​ ភេទប្រុស អាយុ​៤១ឆ្នាំ​ និងឈ្មោះ ហ៊ុ​ ស្រីអន​ ភេទស្រី អាយុ​២១ឆ្នាំ​ ទាំង២នាក់ ស្នាក់នៅ​កន្លែង​កើតហេតុ​ ជាម្ចាស់ហាង និង​នារី​ម៉ាស្សា​ចំនួន៥នាក់ទៀត​ ជាជនរងគ្រោះ​ រួមទាំងដកហូត​បានវត្ថុតាងរួមមាន​ ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​៤​, ស្រោមអនាម័យប្រើប្រាស់ហើយ ​ និងមិនទាន់ប្រើមួយចំនួន​ និងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្ន ​ប្តីប្រពន្ធទាំង២នាក់ជាម្ចាស់ហាង និងជនរងគ្រោះទាំង៥នាក់ រួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ចនាំទៅសាកសួរនៅឯ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​ចាត់ការ​តាម​នីតិវិ ៕ តុង សីហា


ចែករំលែក៖