ប្រជាពលរដ្ឋខេត្តកំពង់ធំសង្កេតឃើញថា បទល្មើសនៅក្នុងខេត្តនេះកើតឡើងព្រោងព្រាត ទាំងបញ្ហាព្រៃឈើ និងបញ្ហានេសាទ ។ អភិបាលខេត្តកំពង់ធំបានថ្លែងនូវការស្តីបន្ទោសចំពោះមន្ត្រីដ៏មានសារសំខាន់ទាំងពីរផ្នែកនេះដែរ ប៉ុន្តែហាក់គ្មាននរណាឈឺក្បាល និងអនុវត្តតាមនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំយល់ថា វាជាល្បិចនៅក្នុងចំណោមថ្នាក់ដឹកនាំខេត្តដើម្បីផលប្រយោជន៍ណាមួយតែប៉ុណ្ណោះ ។
បញ្ហាបទល្មើសព្រៃឈើនៅខេត្តកំពង់ធំក្រោមអំណាចរបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ នរណាក៏ដឹងដែរ រួមទាំងលោកអភិបាលខេត្តនោះផង ។ លោកមេព្រៃមិនដែលខ្វល់អ្វីឡើយ ។ ងាកមកមើលបញ្ហាបទល្មើសនេសាទឯណេះវិញ បាននិងកំពុងកើតឡើងពេញផ្ទៃទឹកបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ជាពិសេសនៅក្នុងស្រុកកំពង់ស្វាយ ។ បើទោះបីជាពេលនេះជារដូវបិទនេសាទយ៉ាងណាក៏ដោយ បទល្មើសនេសាទនៅស្រុកកំពង់ស្វាយ ស្ថិតក្នុងតំបន់អតីតឡូត៍អភិរក្សកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ។ លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ កំពុងដើរប្រមូលលាភសក្ការពីអ្នកនេសាទល្មើសច្បាប់ ចាប់ពីព្រំប្រទល់ខេត្តសៀមរាបរហូតដល់ខេត្តកំពង់ឆ្នាំង ។
មន្ត្រីរដ្ឋបាលជលផលម្នាក់នេះក្លាយជាស្តេចក្រាញ់ក្នុងការដើរប្រមូលប្រាក់ពីអ្នកនេសាទល្មើសច្បាប់ក្នុងបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ។ អាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាចចាត់ចែងរបស់លោកសុខ លូ មិនមែនមិនដឹងថា មានអ្វីបាននិងកំពុងកើតឡើងនៅក្នុងតំបន់បឹងទន្លេសាបនោះទេ ។ ប៉ុន្តែវាជារឿងផលប្រយោជន៍ដែលថ្នាក់ក្រោមត្រូវចែករំលែកឲ្យថ្នាក់លើ បើមិនដូច្នោះទេ គេមិនអាចប្រព្រឹត្តអំពើល្មើសបានជាចំហរដូចនេះបានឡើយ ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់លោកយ៉ាន់ វិសាក់ ហៅសែ កំពុងប្រព្រឹត្តជាចំហរ គឺអាចមើលដោយភ្នែកទទេឃើញ ប៉ុន្តែអាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើជាមើលមិនឃើញ ៕