ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំ ស្ងាត់ជ្រាបរឿងបង្ក្រាបបទល្មើស

ចែករំលែក៖

ប្រជាពលរដ្ឋខេត្តកំពង់ធំ​សង្កេតឃើញថា បទល្មើសនៅក្នុងខេត្តនេះកើតឡើងព្រោងព្រាត ទាំងបញ្ហាព្រៃឈើ និងបញ្ហានេសាទ ។ អភិបាលខេត្តកំពង់ធំ​បានថ្លែងនូវការស្តីបន្ទោស​ចំពោះមន្ត្រី​ដ៏មានសារសំខាន់ទាំងពីរផ្នែកនេះដែរ ប៉ុន្តែហាក់គ្មាននរណាឈឺក្បាល និងអនុវត្តតាមនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំយល់ថា វាជាល្បិច​នៅក្នុងចំណោមថ្នាក់ដឹកនាំខេត្ត​ដើម្បីផលប្រយោជន៍ណាមួយតែប៉ុណ្ណោះ ។

បញ្ហាបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ​ក្រោមអំណាចរបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ នរណាក៏ដឹងដែរ រួមទាំងលោកអភិបាលខេត្តនោះផង ។ លោកមេព្រៃ​មិនដែលខ្វល់​អ្វីឡើយ ។ ងាកមកមើលបញ្ហា​បទល្មើសនេសាទឯណេះវិញ បាននិងកំពុងកើតឡើងពេញផ្ទៃទឹកបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ជាពិសេ​សនៅ​ក្នុង​ស្រុកកំពង់ស្វាយ ។ បើទោះបីជា​ពេល​នេះ​ជារដូវបិទនេសាទយ៉ាងណាក៏ដោយ បទល្មើសនេសាទ​នៅស្រុកកំពង់ស្វាយ ស្ថិតក្នុងតំបន់អតីតឡូត៍អភិរក្ស​កំពុងកើតឡើង​យ៉ាងគគ្រឹកគគ្រេង ។ លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ កំពុងដើរប្រមូល​លាភសក្ការ​ពីអ្នកនេសាទល្មើសច្បាប់ ចាប់​ពី​ព្រំប្រទល់ខេត្តសៀមរាប​រហូតដល់ខេត្តកំពង់ឆ្នាំង ។

មន្ត្រីរដ្ឋបាលជលផលម្នាក់នេះ​ក្លាយជាស្តេចក្រាញ់​ក្នុងការដើរប្រមូលប្រាក់ពីអ្នកនេសាទល្មើសច្បាប់​ក្នុងបឹងទន្លេសាប​ក្នុងខេត្តកំពង់ធំ ។ អាជ្ញាធរខេត្តកំពង់ធំ​ ក្រោមអំណាចចាត់ចែងរបស់លោកសុខ លូ មិនមែនមិនដឹងថា មានអ្វីបាននិង​កំពុងកើតឡើងនៅក្នុងតំបន់បឹងទន្លេសាបនោះទេ ។ ប៉ុន្តែ​វាជារឿងផលប្រយោជន៍ដែលថ្នាក់ក្រោម​ត្រូវចែករំលែកឲ្យថ្នាក់លើ បើមិនដូច្នោះទេ គេមិនអាចប្រព្រឹត្តអំពើល្មើសបានជាចំហរដូចនេះបានឡើយ ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់លោកយ៉ាន់ វិសាក់ ហៅសែ កំពុងប្រព្រឹត្តជាចំហរ គឺអាចមើលដោយភ្នែក​ទទេឃើញ ប៉ុន្តែអាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើជាមើលមិនឃើញ ៕


ចែករំលែក៖