ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទនៅវត្តសារ៉ាវន័តេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាឲ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត ។ពិធីនេះ បានប្រព្រឹត្ដទៅនារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ អស់លោក និងលោកស្រី តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដានដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ ។ មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះលោកស្រី ក៏ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។ លោកស្រីក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។
នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៣ នេះ លោកស្រី និងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខមក ប្រគេនព្រះសង្ឃរួមមាន សាដក,ទឹកក្រូច, ទឹកបរិសុទ្ធ, ទឹក ដោះគោខាប់,ស្ករសរ ,កាកាវ ,មៀនកំប៉ុង ,តែ ,ត្រីខ ,មី អង្ករ ,និងបច្ច័យសម្រាប់កសាងវត្ត ព្រមទាំងចែកជូន តាជី យាជីនូវបច្ច័យជាថវិកា ដល់សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទ ដែលអញ្ជើញមកចូលរួមក្នុង ពិធីបុណ្យកាន់បិណ្ឌវេនទី៤ នេះ ក្នុងឱកាសនោះ លោកស្រីក៏នាំយកនូវ បច្ច័យ សម្រាប់ព្រះសង្ឃ ៣០០ អង្គរក្នុង ១អង្គរ ៥ម៉ឺនរៀល និងសាដក១ ,តាជី យាជី ១០០នាក់ ក្នុងម្នាក់ៗ ៥ម៉ឹនរៀល ,និងនិស្សិតស្នាក់នៅរៀនសូត្រ ២២០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ក្នុងនេះក៏មានបច្ច័យជួយឧបត្ថម្ភពី ក្រុមហ៊ុន mun ចាប់កុសលជាមួយលោកស្រី ។ ដោយឡែកសម្រាប់បច្ច័យកសាងវត្ដសារ៉ាវ័នតេជោ ថវិកា ១២លានរៀល និង២ពាន់ដុល្លារ ៕ សំរិត