ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ កំពុងបើកម៉ូតូតែម្នាក់ឯង បត់ឆ្លងថ្នល់មិនទាន់ផុតផង ស្រាប់តែមានរថយន្តបើកលឿនមកពីមុខចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុក បណ្តាលឲ្យស្លាប់ និងមនុស្សជិះក្នុងរថយន្ត ស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅសល់អ្នកបើកបង្ក អត់រងរបួស រត់គេចខ្លួន ។
គ្រោះថ្នាក់ដ៏រន្ឋត់នេះ បានកើតឡើងនៅម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៦០-៦១ ក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-5659 មានអ្នកជិះសរុបទាំងអ្នកបើកបរចំនួន៤នាក់ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-6663 បើកបរដោយឈ្មោះកែវ នេត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ប្រភពសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត ។ លុះដល់កន្លែងកើតហេតុ បានបត់ឆ្លងថ្នល់ពីត្បូងទៅជើង ស្រាប់តែរថយន្តបង្កដែលកំពុងបើកលឿនតាមផ្លូវជាតិនេះដែរទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបើកម៉ូតូពីចំហៀងខ្ទាតជនរងគ្រចេញពីម៉ូតូ ជាច្រើនម៉ែត្ររងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ដោយឡែកមនុស្សជិះក្នុងរថយន្តចំនួន៤នាក់ ត្រូវបានស្លាប់ចំនួន២នាក់ និងរបួសធ្ងន់ម្នាក់ តែអ្នកបើកបរអត់រងរបួស បានរត់គេចខ្លួន ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ គេស្គាល់អត្តសញ្ញាណតែម្នាក់ឈ្មោះសូ រតនា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងខ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកស្លាប់ម្នាក់ទៀត ភេទប្រុស និងម្នាក់របួសធ្ងន់ភេទស្រី និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ប្រញាប់បញ្ជូនជនរងគ្រោះ ចូលទៅសង្គ្រោះបឋមនៅមន្ទីរពេទ្យយោធាACO រួចបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែដោយស្ថានភាពរបួសភាគីម៉ូតូធ្ងន់ធ្ងរ ក៏បានស្លាប់ក្នុងមន្ទីរពេទ្យ ។ ចំណែកសាកសព២នាក់ សមត្ថកិច្ច បានទាក់ទងសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមគេហដ្ឋានរៀងៗខ្លួន ។
ដោយឡែករថយន្ត និងម៉ូតូដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ច នាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវរកជនបង្ក ឲ្យចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ ៕ សេនាស័ក្តិ