ខេត្តកំពង់ស្ពឺ៖ វាពិតជាគួរឲ្យខ្មាសគេណាស់នៅពេល ដែលអធិការចាស់មិនទាន់ប្រកាសចេញទៅកាន់កន្លែងថ្មីផង ស្រាប់តែបេក្ខភាព ដែលត្រៀមនឹងឡើងកាន់តំណែងបន្តបានប្រើពាក្យមិនសមរម្យមួយចំនួនដាក់មន្ត្រី និងអធិការរងដូចគ្នាហាក់បីដូចជាគុំទុកតាំងពីយូរមកហើហើយចឹង ។
ប្រភពច្បាស់ការណ៍ពីមន្ត្រីនគរបាលស្រុកបសេដ្ឋមួយរូបបានបង្ហើបថា កាលពីវេលាម៉ោង១៣ និង១៨នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ុំ ចំរើន បាននិយាយនៅកន្លែងអធិការជាមួយនឹងលោកសៀង ឃុនលី អធិការរងដូចគ្នា និងមន្រ្តីមួយចំនួនទៀតថា “ឯងចាំមើលអាមេប៉ុស្តិ៍ទាំង១៥ មកដល់ម៉ោងនេះហើយ វានៅគោរពអធិការទៀត ចាំមើល តាអញប្រកាសហើយ ពួកវាគង់តែដឹងខ្លួនទេ” ។
ប្រភពដដែលបន្តថា ពេលនោះដែរ លោកសៀង ឃុនលីបានឆ្លើយតបវិញថា: ចំរើន ឯងកុំនិយាយអញ្ចឹង លោកអធិការ គាត់មិនទាន់ប្រកាសផ្ទេរតំណែងឯណា គេគោរពអញ្ចឹងហើយ ព្រោះគាត់នៅជាមេអង្កភាពនៅឡើយ ។ បើទោះជាលោក សៀង ឃុនលី និយាយបែបនេះ ក៏ដោយ លោក អ៊ុំ ចំរើន បានឆ្លើយតបទាំងអំណួតថា: អត់ដឹងខ្លួន ម៉ោងនេះហើយ សូម្បីតែចៅហ្វាយស្រុកមិចគេដក ហើយទៅមុខទៀត គេនឹងដកស្នងការខេត្តទៀត ពួកវាអត់ដឹងខ្លួន ចាំមើលទៅ គង់តែដឹងទេ ។
មិនដឹងថា តើសំដីរបស់លោកអ៊ុំ ចំរើន និយាយនេះ មានន័យថា យ៉ាងណានោះទេ តែហាក់បីដូខជាបង្កប់នូវកំហឹងចំពោះថ្នាក់ក្រោមយ៉ាងខ្លាំង ដោយសារតែនៅគោរពលោក យ៉ាង សុខលី ជាអធិការ ។ គាត់និយាយបែបនេះ ធ្វើឲ្យមហាជននឹកឃើញដល់សំដីរបស់គាត់ ដែលអួតក្តែងៗថា គាត់នឹងប្រើខ្សែឪធម៌ផ្កាយ៤ របស់គាត់ឈានទៅធ្វើជាស្នងការខេត្ត ក្នុងពេលឆាប់ៗដូចគាត់និយាយមែនដែរ ឬយ៉ាងណានោះទេ?
ប្រភពពីមន្ត្រីនគរបាលតូចតាចបាននិយាយដែរថា “គាត់បានឮអធិការរងមួយចំនួន (៥រូប) និងនាយផ្នែកព្រមទាំងមន្រ្តីមួយចំនួនទៀត នៅអង្កភាពអធិកាដ្ឋានបសេដ្ឋ ពួកគាត់បានត្អូញត្អែរថា: ចប់ហើយ ពេលនេះបើរបៀបៗនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ពិតជារលាយដោយសារថ្នាក់លើ ដាក់មេដឹកនាំរបៀបនេះឲ្យមកគ្រប់គ្រង ។
មានការលើកឡើងទៀតថា អ្នកមានសមត្ថភាពការងារខិតខំបម្រើបក្ស និងផលប្រយោជន៍រួម បែរជាត្រូវប្តូរចេញដោយដាក់មកវិញនូវអ្នក ដែលមិនយកចិត្តទុកដាក់នឹងការងារបែបនេះទៅវិញ នេះហេតុតែគេមានខ្សែ ចង់ធ្វើធំម៉ោងណា បានម៉ោងណឹងផស់គេមែន ។
ប្រភពដដែលបន្តថា សូម្បីមេៗ សិករងស្រុកមួយចំនួនធំកាលពីម៉ោង១៦:១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បាននាំគ្នានិយាយថា “សម័យនេះគេយកអ្នកល្ងង់អត់ចេះធ្វើការក៏ដោយ ឲ្យតែមានខ្នង ឡើងធ្វើធំ គឺអាចធ្វើធំបានហើយ ចំណែក អ្ន្កកចេះដឹង មានសមត្ថភាព និងឆន្ទៈធ្វើការ ប៉ុន្តែអត់ខ្សែ អត់ខ្នង គេដកចេញ ដាក់កូនចៅគេចឹងហើយ ពេលនេះ ស្រុក បសេដ្ឋពិតជារលាយហើយ ។
មជ្ឈដ្ឋានមហាជនជាច្រើនបានសំដែងនូវការសោកស្តាយ ព្រោះការដោះដូរដោយគ្មានហេតុផលបែបនេះ ។ ពួកគាត់បានលើកឡើងថា យកអ្នកចេះធ្វើការចេញ ដាក់អ្នកល្ងង់ចូល អាងតែមានខ្នងធំ ម្យ៉ាងដែរ ។
ចំណែកមជ្ឈដ្ឋានខ្លះទៀត លើកឡើងថា លោក យ៉ាង សុខលី ជាកូនកសិករហើយ បានចូលបម្រើក្នុងជួរនគរបាលអស់រយៈពេលជិត៣០ឆ្នាំ ដោយបានឡើងតួនាទីជាបន្តបន្ទាប់រហូតក្លាយជាអធិការរង ហើយចុងក្រោយ លោកបានធ្វើជាអធិការនេះ ដោយសារតែអតីតមេបក្សស្រុក (ណុប គឹមស្រេង) មើលឃើញពីស្នាដៃការងារបស់គាត់ ទើបនៅពេល ដែលអធិការចាស់ចូលនិវត្តន៍ ក៏មានការស្នើសុំឲ្យធ្វើជាអធិការតែម្តង ។ លោកគឺជាមនុស្ស ដែលមន្ត្រីរាជការចំណុះស្រុក និងប្រជាពលរដ្ឋស្លូតត្រង់ គោរពស្រឡាញ់ តែជាមនុស្ស ដែលជនក្រៅសង្គមមួយចំនួនស្អប់ខ្ពើមរូបលោកផងដែរ ។
បើនិយាយពីខ្សែ និងខ្នងបង្អែក លោក យ៉ាង សុខលីនេះ គ្មានដូចគេនោះទេ គឺមានតែស្នាដៃការងារ ដែលខិតខំបម្រើជាតិមាតុភូមិ មិនខ្លាចស្លាប់រហូតចុងក្រោយ ត្រូវកូនចៅឯងប្រើអំណាចបក្ខពួកដណ្តើមយកកៅអី ដោយរលូន ខណៈសាម៉ីខ្លួនមិនដឹងរឿងទាល់តែសោះ ។
អ្នកខ្លះលើកឡើងថា ជាធម្មតា កងកម្លាំងតែងតែមានការផ្លាស់ប្តូរ និងដំឡើងតួនាទីចឹងហើយ តែសុំឲ្យអ្នកចាស់ចូលនិវត្តន៍សិនទៅ ចាំរងៗឡើងតាមឋានានុក្រមមក តែនេះព្រោះតែមហិច្ឆតា លង់នឹងអំណាចបុណ្យស័ក្តិ បានធ្វើឲ្យបុគ្គលមួយចំនួន ដែលខ្វះការពិចារណាហ៊ានធ្វើទាំងងងើល ដើម្បីបក្ខពួកខ្លួនបានធ្វើធំ ។ កត្តានេះហើយ ដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្តអស់ជំនឿលើថ្នាក់ដឹកនាំ លែងចង់បម្រើការងារ ។
មហាជនបានសំណូមពរផងដែរថា ថ្នាក់លើមុននឹងចង់ដាក់កូនចៅខ្លួនទៅកាន់កន្លែងណាមួយ គួរណាស់ តែសិក្សាឲ្យបានច្បាស់លាស់សិនថា តើកន្លែងនោះ មានមន្ត្រីចូលនិវត្តន៍ដែរឬទេ កុំចេះតែអាងថា ខ្លួនមានអំណាចបុណ្យស័ក្តិតម្រូវចិត្តខ្លួនឯងហ្នុង និងបក្ខពួកមិនគិតពីចិត្តអ្នកដទៃនោះ វាមិនសមនោះទេ ។ មហាជនសង្ឃឹមថា ករណីនេះ នឹងមិនមានកើតឡើងនៅខេត្តកំពង់ស្ពឺទៀតឡើយ ។
ពាក់ព័ន្ឋនឹងសំដីរបស់បេក្ខភាពអធិការថ្មី ដែលនិយាយទៅកាន់អធិការរងៗ នៅរសៀកថ្ថៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលហាក់គំគួននឹងកូនចៅ តាមបណ្តាប៉ុស្តិ៍ អ្នកព័ត៌មានមិនអាចសុំការពន្យល់បានទេ ។
ពាក់ព័ន្ឋការនិយាយអួតរបស់លោកអ៊ុំ ចំរើន នេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានប្រាប់អ្នកយកព័ត៌មានតាមរយៈវ័តអាប់ថា ” តំណែងស្នងការ ពុំមែនកម្មសិទ្ធិផ្ដាច់មុខរបស់ខ្ញុំទេ ។ ថ្នាក់ដឹកនាំប្រគល់ឲ្យខ្ញុំ គាត់ក៏អាចដកវិញបានដែរ បើគាត់យល់ឃើញថា ខ្ញុំគ្មានសមត្ថភាព ។ សំខាន់ថ្នាក់លើពិចារណាលើការដឹកនាំរបស់ខ្ញុំ និងការទុកចិត្ត ។ ជាការធម្មតា សម្រាប់អារម្មណ៍របស់ខ្ញុំ ដែលមានអតីតភាពនគរបាល33ឆ្នាំ ធ្លាប់បានទទួលការតែងតាំងផ្លាស់ប្ដូរ ជារឿងធម្មតាទៅហើយ” ។ លោកស្នងការបន្តថា “តែខ្ញុំយល់ថា រឿងតំណែងស្នងការ ដែលលោក អ៊ុំ ចំរើន ត្រៀមមកកាន់ គឺជាការនិយាយចេញតែពីមាត់គាត់ ដោយអំណួតតែប៉ុណ្ណោះ” ៕ ហេង សូរិយា