ខេត្តពោធិ៍សាត់៖ បុរសជាឪពុកចុងរងការចោទពីកូនស្រី(ប្តីដើម) ករណីចាប់រំលោភនាងបានសម្រេច នៅឯក្បែរចំការក្នុងព្រៃជើងភ្នំដាច់ស្រយាលមួយ នៅគ្រាដែលឌុបនាងទៅចំការល្ងរ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅក្បែរចំការដាំណាំល្ងររបស់ខ្លួន ត្រង់ចំណុចក្នុងព្រៃជើងភ្នំចេក ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ ចេន អង់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ ឈ្មោះ ទ សណ អាយុ ១៧ឆ្នាំ (កូនប្តីមុន) ។
លោក វរសេនីយ៍ឯកបន្តថា ឪពុកចុងឈ្មោះ ចេន អង់ បានបបួល និងឌុបជនរងគ្រោះទៅមើលចំការល្ងរនៅចំណុចខាងលើ ប៉ុន្តែនៅគ្រាទៅដល់គាត់(ឪពុកចុង)មិនបានមើលចំការទេ ដោយគាត់នាំឡើងទៅលើខ្នងភ្នំថាដើររកថ្នាំរួចក៍ចុះមកក្រោមវិញ លុះមកដល់ជើងភ្នំមានអូរទឹកមួយនាំគ្នាផឹក គ្រានោះឪពុកចុងឈ្មោះ ចេន អង់ បានចាប់នាងរំលោភបានសម្រេចបើទោះជាខំរើបំរាស់ និងអង្វរក៍ដោយ រំលោភរួចគាត់(ចេន អង់)បានឌុបនាងមកផ្ទះវិញ ហើយបានឲ្យលុយនាងចំនួន ៣០,០០០រៀលដោយកុំនិយាយប្រាប់ម្ដាយ និងសាច់ញាតិ ប៉ុន្តែនាងនៅតែប្រាប់ម្ដាយតែម្តាយមិនអើពើនោះទេ ទើបនាងបន្តទៅប្រាប់ជីតា ក៍បែកការណ៍តែម្ដង ។
ជនសង្ស័យចេន អង់បានឆ្លើយថា ខ្លួនពិតជាបានចាប់ឱបថើបនាងនៅខាងលិចចំការប្រមាណ ១០០ម៉ែត្រ (មិនបានចាប់រំលោភនោះទេ) ។ ករណីនេះជំនាញបំពេញសំណុំឯកសារបញ្ជូនបន្តទៅថ្នាក់លើ ៕ ប៉ឹម ពិន