ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកដោយល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ អ៊ុំ វុទ្ឋី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-7292 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2M-5008 ប្រភេទដឹកកម្មកររោងចក្រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកម៉ូតូខាងលើបានជិះកណ្ដាលទ្រូងផ្លូវ ខណៈនោះក៏មានរថយន្តខាងលើបើកដោយល្បឿនលឿន ក៏បានបុកម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកចំកណ្តាលទ្រូងផ្លូវមិនប្រុងប្រយ័ត្ន ធ្វេសប្រហែស រីឯអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនហើយមិនប្រកាន់ស្តាំ ៕ ស្អាងជ័យ