ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ក្នុងឃុំកំពង់ពពិល សូមអង្វរ​មេត្តាអាជ្ញាធរឃុំ និងស្រុកពារាំង ជួយស្ថាបនាផ្លូវជាង៥គីឡូម៉ែត្រ​នោះផង

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ ប្រជាពលរដ្ឋយ៉ាងតិចចំនួន៣ភូមិ ក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានត្អួញត្អែរថា អាជ្ញាធរមូលដ្ឋាន ចាប់ពី​ថ្នាក់ឃុំដល់ថ្នាក់ស្រុក ហាក់ដូចជាព្រងើយកន្តើយ មិនបានយកចិត្តទុកដាក់ ដោះស្រាយជួយស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែង​ប្រមាណជាង៥គីឡូម៉ែត្រ ដើម្បី​សម្រួលដល់ការធ្វើចរាចរណ៍ ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ។ ពួកគាត់បានអះអាងថា ផ្លូវមួយខ្សែ ដែលមានចម្ងាយ​ជាង៥គីឡូម៉ែត្រនោះ គឺលំបាកក្នុងការធ្វើដំណើររដូវប្រាំងហុយ និងមាន​ជង្ហុកធំៗ ហើយនៅរដូវវស្សា ធ្វើដំណើរ​សឹងមិនកើត ដោយសាររអិល ទាំងកង់ ម៉ូតូ ឡាន ក្នុងនោះសូម្បីតែថ្មើរជើង ក៏លំបាកបំផុត ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំណុចដែលលំបាកបំផុត គឺចាប់ពី​គល់ស្ពានព្រែកតាសូរ ភូមិត្រាល ភូមិជំនិច ភូមិព្រែកកាំភ្លើង រហូតដល់ភូមិ​កំពង់ពពិល (ផ្សារកំពង់ពពិល) ឃុំកំពង់ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ពួកគាត់ពុំបានឮថា ថ្នាក់មូលដ្ឋាន ឬថ្នាក់លើ នឹងមានផែនការ​ស្ថាបនាផ្លូវនេះដែរឬទេ ខុសពីនៅមូលដ្ឋានដទៃទៀត ដែល​មានផ្លូវគមនាគមន៍ ដ៏ល្អប្រសើរ និង​ជាមធ្យោបាយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស គាត់មានឱកាសដឹក​ទំនិញ កសិផល ទៅកាន់ទីផ្សារបាន​យ៉ាងងាយស្រួលបំផុត ។ ដោយឡែក ផ្លូវមួយខ្សែ​ឆ្លងកាត់ចំនួន៣ភូមិ ក្នុងឃុំកំពង់ពពិលរបស់ពួកគាត់ ពិតជាលំបាក ហើយក៏នៅនឹងមុខ នឹងភ្នែកច្រមុះអាជ្ញាធរទាំងនោះផងដែរ ។

ស្ត្រីវ័យ​ជាង​៤០ឆ្នាំមួយរូប ដែល​ជាគ្រូបង្រៀននៅក្នុងឃុំកំពង់ពពិល បានលើកឡើងថា ខ្ញុំឆ្ងល់អំពីបញ្ហានេះដែរ ទៅលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងស្រុកពារាំង ហេតុអ្វីមិនបានគិតគូរជុំវិញបញ្ហាផ្លូវក្នុងភូមិនេះ ក្នុងនោះ សូម្បីតែ​លោក ផឹង សំនៀង មេឃុំកំពង់ពពិល លោកហុង ដានី ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក ក៏ដូចជាលោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុក សូម្បីតែបន្តិច ក៏ពួកគាត់​មិនបាន​គិតគូរ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ។ អ្នកស្រីបន្តថា ប្រសិនបើអាជ្ញាធរឃុំ ស្រុក និង​ខាងជំនាញគ្មានថវិកា ឬថ្នាក់លើ​មិនទម្លាក់​ឲ្យ ពួកគាត់គួរណាស់តែ មាន​ដំណោះស្រាយ ស្នើឲ្យថ្នាក់ពង្រឹងមូលដ្ឋាន ក៏ដូចជាថ្នាក់លើ ជួយ​គិតគូរដោះស្រាយ ប្រាកដជាថ្នាក់ពង្រឹងមូលដ្ឋាន និងថ្នាក់លើ មិនទុកឲ្យផ្លូវមួយនេះ រង​ការខូចខាតកាន់តែធ្ងន់ធ្ងរ និងបង្កផលលំបាកដល់ប្រជាពលរដ្ឋ​ ចរាចរណ៍ក្នុងមូលដ្ឋាននោះឡើយ ។

ប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិល ក៏បានស្នើសុំយ៉ាងទទូចផងដែរ​ដល់ថ្នាក់ពង្រឹងមូលដ្ឋានឃុំ ស្រុក មេត្តាជួយ​សម្រួលឲ្យបាន​ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ សម្រាប់​មធ្យោបាយចរាចរណ៍ ទាំង​កូនៗទៅសាលារៀន ការដឹក​កសិផលទៅកាន់ទីផ្សារ ឧបាសក ឧបាសិកាទៅវត្តអារ៉ាម អ្នកដំណើរឆ្លងកាត់ បានស្រួល ពិសេសប្រជាពលរដ្ឋ ពិតជាសប្បាយរីករាយសម្រាប់​កាដូផ្លូវមួយខ្សែនេះ ខណៈពួកគាត់រងការលំបាក ក្នុងការធ្វើដំណើររយៈពេល៩ឆ្នាំមកហើយនោះ ។

ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិលស្នើសុំអាជ្ញាធរជួយស្ថាបនាផ្លូវមួយខ្សែប្រវែង​ជិត៥គីឡូម៉ែត្រនេះ អង្គភាពនគរវត្ត​មិនអាចទាក់ទងបានទេពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធស្រុកពារាំង​នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែ​មាន​មន្ត្រីខ្លះបាន​លើកឡើងថា ប្រសិនបើករណីនេះ ដឹងដល់លោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង លោកនឹងមានវិធានការគិតគូរដោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិលពិតជាពុំខានឡើយ ៕ សុខ ខេមរា


ចែករំលែក៖