ខេត្តកំពង់ធំ៖ ជនសង្ស័យ២នាក់បានកំរាមកំហែងយកម៉ូតូទៅលក់នៅវេលាម៉ោង១៣និង៣៥ ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិរវាងក្រុងត្រង់លើផ្លូវលំ ទីលានបញ្ចុះសពទាហាន ក្នុងទឹកដីភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចប្រាប់ថា នឹងបញ្ជូនជនសង្ស័យទាំង២នាក់ទៅតុលាការ ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ ណាក់ ស្រីណុច ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ ។ រីជនសង្ស័យ ឈ្មោះ ស៊ុន ឧសភា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឈ្មោះ គឿ សុបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពបន្តថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៣,០០ នាទី ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាជិះម៉ូតូដើរលេងនៅអូរបុស្សម្កាក់ ស្រុកកំពង់ស្វាយ រួចក៏ត្រឡប់ទៅខេត្តកំពង់ធំវិញ ដល់ចំណុចកើតហេតុ នាំគ្នាជិះម៉ូតូចូលទៅទីលានបញ្ចុះសពទាហាន ហើយបាននាំគ្នាអង្គុយលេងបានមួយសន្ទុះ ម៉ោងប្រហែល ១៣និង៣៥ នាទី ឈ្មោះ គឿ សុបញ្ញា បានសុំម៉ូតូ ជនរងគ្រោះទៅលក់ តែជនរងគ្រោះមិនឲ្យ ក៏ប្រកែកគ្នា ហើយជនសង្ស័យបានទះកំភៀងជនរងគ្រោះបីដៃ ហើយឲ្យរកលុយឲ្យវាចំនួន៣០ម៉ឺនរៀល ។
ជនរងគ្រោះ នាំជនសង្ស័យទាំង២ ទៅសុំលុយម្តាយនៅភូមិអន្លង់លោក ឃុំព្រៃគុយ ពេលទៅដល់សាលារៀនអន្លង់លោក ក៏ឲ្យអ្នកទាំង២នៅចាំទីនោះ ហើយជនរងគ្រោះក៏ជិះម៉ូតូទៅផ្ទះម្តាយ ៗឃើញមុខឡើងក្រហម ក៏សួរថា កើតអី ជនរងគ្រោះបានរៀបរាប់ប្រាប់តាមដំណើររឿងដូចខាងលើ ទើបម្តាយប្រាប់ប្រជាកាពារឃាត់ខ្លួនអ្នកទាំង២នោះ នៅម៉ោង ១៨និង៤៥នាទី ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចនៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ។
បន្ទាប់ពីសួរនាំចប់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀនទាំង២នាក់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនបន្ដទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី