ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រើអំពើហិង្សាកើតមាន ៤លើកផ្សេងគ្នានៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹនាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ មានករណីហិង្សាដោយចេតនាចំនួន៤លើកផ្សេងៗគ្នាបានកើតឡើងជាបន្ដបន្ទាប់ នៅខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ខា ម៉ាប់ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយបុរសឈ្មោះ សៀង ស៊ីណាត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានបំផ្លេចបំផ្លាញសម្ភារ ក្នុងផ្ទះ និងគំរាមកំហែងប្រពន្ធកូន ខណៈផឹកស៊ីស្រវឹងកើតរោគប្រចណ្ឌ (នគរបាលនាំខ្លួនបន្តនីតិវិធី) ។

ប្រភពដដែលបន្តថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃដដែល ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក៏មានករណីហិង្សាដោយចេតនាមួយបានកើតឡើងដែរ ដោយបង្កឡើងឈ្មោះ គន ទត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកដុំថ្មគប់ទៅលើឈ្មោះ ដាំ ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអន្លង់ហាប់ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (បណ្ដាលឲ្យរងរបួសធ្ងន់) នគរបាលឃាត់ខ្លួនជនសង្ស័យបន្តនីតិវិធី ។

ប្រភពដដែលបន្តទៀតថា លុះនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧ ខែឆ្នាំដដែល ស្ថិតក្នុងភូមិបឹងឈូក ឃុំខ្នាទទឹង ស្រុកបាកាន ក៍មានករណីហិង្សាមួយបានកើតឡើងដោយដោយចេតនាផងដែរ បង្កឡើងដោយឈ្មោះ ញិល អេង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានដេញវាយប្រពន្ធ និងប្រមូលខោអាវបំរ៉ុងដុតកម្ទេច ដោយខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកសុី (នគរបាលនាំទៅប៉ុស្ដិ៍បន្តនីតិវិធី) ។

ដោយឡែកនៅវេលាម៉ោង៥ និង៥នាទី ល្ងាចថ្ងៃទី៩ ខែឆ្នាំដដែល ស្ថិតក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកានឯនេះវិញ ត្រូវបានប្រភពរាយការណ៍ដែរថា មានករណីហិង្សាដោយចេតនាផងដែរ ប៉ុន្តែត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋមេទឹកចុះអន្តរាគមន៍ទាន់ ខណៈជនសង្ស័យឈ្មោះ រ៉ូ ហុន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ផឹកស៊ីរួចដេញកាប់ឈ្មោះ យ៉ង់ ដែន និងឈ្មោះ យ៉ង់ សុខលាង ដល់ផ្ទះតែមិន(របួសនោះទេ) នគរបាលឃាត់ខ្លួននាំយកទៅបន្តនីតិវិធីនៅប៉ុស្ដិ៍ ៕ ប៉ឹម ពិន


ចែករំលែក៖