ខេត្តពោធិ៍សាត់៖ អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរឃាត់ខ្លួន ខណៈពាក់ព័ន្ធក្នុងករណីប្រទូស្តកេរខ្មាស់លើអនីតិជន នៅគ្រាដែលជនសង្ស័យអ្នករត់ម៉ូតូឌុបរូបនេះ ឌុបជនរងគ្រោះទៅកន្លែងដើមយកលុយចំនួន១០ម៉ឺននៅផ្ទះរបស់ខ្លួន ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃក្បែរចំការឈ្មោះ ឃាង យូ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ន.ស.ន អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ហើយត្រូវជនសង្ស័យឌុបចេញពីមាត់ទឹក ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ក្នុងគោលបំណងទៅយកលុយចំនួន ១០ម៉ឺនរៀល ដែលឪពុករបស់នាងបានខ្ចីពីថៅកែគាត់ (នេសាទ) ដើម្បីឲ្យប្រពន្ធ (ម្ដាយជនរងគ្រោះ) ក៏បានប្រើកូនស្រី(រងគ្រោះ)ជិះម៉ូតូឌុបទៅយក ផ្ទុយទៅវិញ ត្រូវបានជនសង្ស័យជាអ្នករត់ម៉ូតូកំហូចរូបនេះ ឌុបយកទៅចូលព្រៃដើម្បីធ្វើសកម្មភាពចាប់ឱបថើបលូកស្ទាបអង្អែលលើរាងកាយរបស់នាងទៅវិញ រួចដឹកយកមកទម្លាក់កន្លែងដើមវិញ ធ្វើមិនដឹង មិនឮយ៉ាងព្រងើយ ។
លោក វរសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យអ្នករត់ម៉ូតូឌុបត្រូវបានឃាត់ខ្លួនឈ្មោះ សូ សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយការអនុវត្តខាងលើនេះធ្វើឡើងតាមបណ្ដឹងជនរងគ្រោះ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ក៏បាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី និងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ប៉ឹម ពិន