ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកស្ទឹងបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ ។

សមត្ថកិច្ចបានបញ្ជាក់ថា បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលទៅនេសាទត្រីនៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយកម្លាំងជំនាញរួមនឹងកម្លាំងប៉ុស្តិ៍ សហការជាមួយមេឃុំ កម្លាំងប្រជាការពារ ចុះទៅពិនិត្យសព។

សមត្ថកិច្ចបន្តថា សពជាមនុស្សស្រី អាយុ​ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានកម្ពស់ ១.៥៥ម៉ែត្រ​ សម្បុរខ្មៅស្រអែម សក់រួញក្រឡឹងក ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារ ពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្ធែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សព ពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅ មានផ្កាពណ៌ស​ ល្អិតៗ ។

ការពិនិត្យលើដងខ្លួន ស្បែកពោះរបកដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីឡើយ។

តាមការបញ្ជាក់របស់លោកនាយប៉ុស្ដិ៍ម្សាក្រង និង ប្រជាពលរដ្ឋ សពជនរងគ្រោះជាមនុស្សវិកលចរឹក ធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរលុយទឹក នៅចំណុចអូរចក ស្ថិតក្នុងភូមិប្រគាប មានចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕ ប៊ុនរិទ្ធី


ចែករំលែក៖