ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉ក បានសម្រេចហើយ នាំគ្នាអូសបណ្តើរចេញមកក្រៅ ត្រូវម្ចាស់ឃើញទាន់ ក៏វាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ រហូតចាប់បានម្នាក់យកប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ករណីចោរលួចម៉ូតូរ៉ឺម៉កខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃចន្ទ ១៣កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ វ៉ា ហ៊ីមុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី ឈ្មោះ នាង អូន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធសែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងខាងលើ ភ្ញាក់ក្រោកពីដំណេក ចេញមកក្រៅ ស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់កំពុង អុស រុញម៉ូតូកង់បីរបស់គាត់ចេញ ឃើញដូច្នោះគាត់រត់ដេញតាម ប្រតាយប្រតប់គ្នា របូតដៃ ជនសង្ស័យរត់រួចបាត់២នាក់ បាត់ម្នាក់ទៀត លះដើរតាមស្វែងរក ស្រាប់តែឃើញដេកសង្ងំលាក់ខ្លួនក្រោមរថយន្តគេ ទើបចាប់ខ្លួនបាន តែម្តង ប្រគល់ឲ្យទៅនគរបាលប៉ុស្តិ៍កាកាប១ ដើម្បីសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕សុខាសែនជ័យ