ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៣នាក់ដែលបានវាយសម្លាប់មេជាងសំណង់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ រួចនាំគ្នារត់គេចខ្លួនមកស្រុកកំណើត ក៏ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបក្របួចជាប់ ។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកញ្ជោ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២២ និង២០នាទី ថានៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាមានស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ។
លោកបន្តថា ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិ ជីក្រែងឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប រងរបួសក្បាល ថ្ងាស មុខជាទម្ងន់ស្លាប់ក្រោយពេលជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។ លោកបន្តថា ជនសង្ស័យទាំង៣នាក់រួមមានមានទី១.ឈ្មោះភោគ សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រិញ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប,ទី២.ឈ្មោះ អុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ទី៣.ឈ្មោះ ឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមការសួរចម្លើយ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពពួកគេពិតជាបានយកដំបង វាយសម្លាប់លើជនរងគ្រោះ ឈ្មោះ ជីន ភេទប្រុស ជាមេការសំណង់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង២០ ៣០នាទី នៅចំណុចជិតសាលារៀនហ៊ុន សែន អូរពី ខេត្តព្រះសីហនុ ដោយសារខឹងជនរងគ្រោះមិនបើកលុយឲ្យ និងទំនាស់គ្នាពេលផឹកស៊ី។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបបានផ្តល់ដំណឹងឲ្យខាងស្នងការខេត្តព្រះសីហនុមកទទួលយកជនសង្ស័យទាំង៣នាក់ទៅចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី