ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ មានអំពើមនុស្សឃាតមួយកើតឡើង នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្នំប៉ះប៉ើកក្រោយសាលាវិទ្យាល័យមិត្តភាព) បណ្តាលឲ្យជនរងគ្រោះជាមេការសំណង់ម្នាក់ ស្លាប់ ក្រោយពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្រោយសាលាវិទ្យាល័យហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិគ ឃំុជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាណែនាំ ឲ្យកម្លាំងជំនាញបើកការ ស៊ើបអង្កេតរុករក មុខសញ្ញាជាបន្ទាន់។
អំពើមនុស្សឃាតនេះ ផ្តើមចេញពីទំនាស់រឿងលុយកាក់ ដែលមេការសំណង់ជាជនរងគ្រោះ បើកប្រាក់ឲ្យកម្មករមិនបានគ្រប់គ្នា នៅខ្វះ២នាក់។
សមត្ថកិច្ចកំណត់មុខសញ្ញាសង្ស័យបានចំនួន៣នាក់ តែជនសង្ស័យ ក្រោយពេលកើតហេតុ បានជួលរថយន្តតាក់ស៊ី ជិះគេចខ្លួន ទៅកាន់ខេត្តសៀមរាប និងមានបំណងឆ្លងដែនទៅកាន់ប្រទេសថៃទៀតផង១.ឈ្មោះភោគ សុផាត ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានស្រុកកំណើត នៅភូមិស្រិញ ឃំុជីក្រែ ស្រុកជីក្រែង ខេត្តសៀមរាប។ ២.ឈ្មោះអុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង ។ ៣.ឈ្មោះឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើត នៅភូមិស្តៅ ឃំុអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ៖ ដោយមានកិច្ចសហប្រតិបត្តិការ ល្អ រវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១៨ កន្លងទៅ នេះ នគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យទាំងបីនាក់បានរួចហើយ នគរបាលខេត្តព្រះសីហនុ បានទៅទទួលយកមុខសញ្ញា នៅខេត្តសៀមរាប តាំងពីថ្ងៃទី២៣ ខែតុលាមកម្ល៉េះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ នៅខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ